ដោយ: ពៅនិមល / ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានបើកកិច្ចពិភាក្សាតុមូល ស្តីពីសារៈសំខាន់នៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើបទ បង្ហាញ និងប្រមូលជាធាតុចូលបន្ថែម ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ចំនួន , លាននាក់ សម្រាប់យុវជនក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេស។

កិច្ចពិភាក្សាតុមូលនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការអញ្ញើញចូលរួមពីសំណាក់វាគ្មិនចំនួន ៤រូប មានដូចជា លោក គិត សុភាព អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក ទី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍, លោក សួន សេរី អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈឹម សៅគី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ។

តំណាងក្រសួងចំនួន៤ ធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ (រូបភាព៖ ពៅនិមល)

តាមលោក យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថាៈ ការលើកយកប្រធានបទខាងលើនេះ ដោយមើលឃើញថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដ្បិតតែយើងបណ្តុះបណ្តាល បានច្រើនមកហើយ ក៏ប៉ុន្តែយើងនៅខ្វះគ្រប់ជំនាញ។

តំណាងក្រសួងចំនួន៤ ធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ (រូបភាព៖ ពៅនិមល)

លោកបានបន្តថាៈ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ ក៏ដូចជាយុវជននៅកម្ពុជា មិនទាន់យល់ ពីគុណតម្លៃវិជ្ជាជីវៈ ស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាល បានប្រកាសផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ចំនួន , លាននាក់ សម្រាប់យុវជន ក៏ដូចជា ប្រជាពលរដ្ឋដែលមិនមានលទ្ធភាព គឺរដ្ឋផ្តល់អាហារូបករណ៍ បណ្តុះបណ្តាល ចាប់ពីឆ្នាំក្រោយៗ នេះតទៅ។

នៅក្នុងវេទិកា នាឱកាសនោះ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថាៈ ការងារបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺមិនអាចយកមនុស្ស ដែលមានអាយុច្រើន ទៅបណ្តុះបណ្តាលនោះទេ គឺត្រូវការបញ្ជ្រាបជំនាញវិជ្ជាជីវៈនេះ ដល់កុមារ និងយុវជន ឲ្យចេះស្រឡាញ់នូវជំនាញ ដែលពួកគេពេញចិត្ត។

លោកបានលើកឡើងថាៈ ជាការពិតណាស់ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើរតួនាទីសំខាន់ ខ្លាំងណាស់ ហើយការធ្វើលើកិច្ចការងារនេះ មិនមែនគ្រាន់តែមានក្រសួង ឬស្ថាប័នមួយ អាចធ្វើទៅបាននោះទេ ពោលគឺ ទាមទាឲ្យចូលរួមទាំងអស់គ្នា ទើបប្រទេសជាតិកាន់តែមានការរីកចម្រើន ជាពិសេសការទាក់ទាញបាន នូវការវិនិយោគ ប្រកបដោយ ចីរភាព ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងទីផ្សារការងារ។

តំណាងក្រសួងចំនួន៤ ធ្វើបទបង្ហាញអំពីសារៈសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាជីវៈ (រូបភាព៖ ពៅនិមល)

លោកបណ្ឌិត បានបន្ថែមទៀតថាៈ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺមានតាំង ពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ហើយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ គឺមានសារៈសំខាន់ជាងគេ នៅក្នុងការទ្រទ្រង់សេដ្ឋកិច្ច។ សេដ្ឋកិច្ច និងសង្គម កាន់តែអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ ដើរតួនាទីកាន់តែខ្លាំងបំផុត។

សូមរម្លឹកថា កាលពីពេលកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស ចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពីឆ្នាំ២០២៣ នេះតទៅ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្ស ដែលជាធនធាន ជន្ទល់គាំទ្រឱ្យការរីកចំរើន នៃសង្គមសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយជំរុញឱ្យប្រជាពលរដ្ឋ មានការងារសមរម្យ និងកម្រិតជីវភាព កាន់តែប្រសើរឡើង ដោយធានាថាប្រជាពលរដ្ឋម្នាក់ មានជំនាញមួយ យ៉ាងតិចប្រចំាជីវិត/V-PC