ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ នាង​ម៉ា​ដូ​ណា​តាម​សេចក្តីរាយការ​ណ៍​គឺមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ប្រដាល់​វ័យ ២៩ ឆ្នាំ​ម្នាក់ បន្ទាប់​ពី​បែក​គ្នា​ពី​មិត្ត​ប្រុស​ជា​តារា​បង្ហាញ​ម៉ូត​ឈ្មោះ អេន​ឌ្រូ ដា​នែ​ល (Andrew Darnell)​។​

​រាជ​នី​ចម្រៀង​ប៉ុប​អាយុ ៦៤ ឆ្នាំ​រូប​នេះ​បាន​កំពុង​ទាក់ទង​ជាមួយ​អ្នក​ប្រដាល់ ចូស ប៉ុប​ភើ (Josh Popper)​ដែល​បាន​បង្ហាត់បង្រៀន​កូន​ម្នាក់​របស់​នាង​នៅឯ​កន្លែង​ហាត់ប្រាណ Bredwinners ក្នុង​ទីក្រុង​ញូវយ៉ក​អស់​ជាច្រើន​សប្តាហ៍​។​

​ប្រភព​មួយ​បាន​ប្រាប់​វេបសាយ DailyMail.com កាលពី​ថ្ងៃ​ពុធ ទី ១ ខែ​មីនា​ថា អ្នក​ទាំង​ពីរ​បាន “​ជួប​គ្នា​បែប​ស្នេហា​ទៅវិញទៅមក​”​។​

​ម៉ា​ដូ​ណា ដែល​កំពុង​កាន់ទុក្ខ​ចំពោះ​ការស្លាប់​បងប្រុស​នាង ឈ្មោះ អាន​ថូ​នី ស៊ី​ក​ខូ​ណេ (Anthony Ciccone)​បន្ទាប់ពី​គាត់​បាន​លាចាក​លោក​កាលពី​ថ្ងៃ​អាទិត្យ​នៅ​អាយុ ៦៦ ឆ្នាំ​ត្រូវ​គេ​ឃើញ​ឱប​​កៀកកើយ​ជាមួយ​ចូសនៅក្នុង​រូបភាព​ជាច្រើន​ដែល​បាន​បង្ហោះ​នៅលើ Instagram របស់​នាង​កាលពីដើម​ខែ​នេះ ដែល​បង្ហាញ​នាង​ផ្អឹប​បបូរមាត់​របស់​នាង​ទៅ​នឹង​ស្មា​របស់គាត់​និង​ច្របាច់​ដៃ​​ដែល​មាន​សាច់ដុំ​ធំៗ​របស់គាត់​។​

​ចូស​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ​គណនីរ​បស់​គាត់ ហើយ​រួម​បញ្ចូល​រូបថត​ទី​ពីរ​បង្ហាញ​ដៃ​របស់​គាត់​ដាក់​លើ​ស្មា​ម៉ា​ដូ​ណា នៅ​ពេល​ពួកគេ​ថតរូប​នៅ​សង្វៀន​ប្រដាល់​។​

​អ្នក​ប្រដាល់​រូបនេះ​បាន​លក់​ធានារ៉ាប់រង​អាយុជីវិត មុន​ពេល​ជំងឺ​រាតត្បាត​កូវី​ដ​១៩​បាន​ជំរុញ​ឱ្យ​គាត់​បើក​កន្លែង​ហាត់ប្រាណ Bredwinners Gym នៅ​សង្កាត់​ផ្លា​ធី​រ៉ុ​ន (Flatiron) នៃ​តំបន់​ម៉ា​ហា​ថែ​ន (Manhattan) ក្រុង​ញូវយ៉ក​កាលពី​ជិត​បី​ឆ្នាំ​មុន ជា​កន្លែង​ដែល​គាត់​បាន​បង្រៀន​កូន​ម្នាក់​ក្នុងចំណោម​កូន​ប្រាំមួយ​នាក់​របស់​ម៉ា​ដូ​ណា​ឱ្យ​ចេះ​ប្រយុទ្ធ​។​

​រូបគេ​ក៏​បាន​បង្ហាញខ្លួន​នៅក្នុង​រដូវ​កាល​ចុងក្រោយ​នៃ​រឿង​ភាគ Summer House របស់​ប៉ុស្តិ៍ Bravo ផងដែរ ដែល​និយាយ​អំពី​ក្រុម​មិត្ត​វ័យក្មេង​ចំនួន ៩ នាក់​រស់នៅ​ក្នុង​ផ្ទះ​រដូវក្តៅ​មួយ​នៅ​ម៉ុន​ធួ​ក (Montauk) ក្នុង​តំបន់​អ៊ី​ស​ហាមតុ​ន (East Hampton)៕

​ម៉ា​ដូ​ណា​ថតរូប​ជាមួយ​ចូស ប៉ុប​ភើ​នៅ​សង្វៀន​ប្រដាល់