ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានប្រកាសបើកយុទ្ធនាការ ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ នឹងចាប់ផ្តើមធ្វើឡើង ចាប់ពីថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យ លើកទី១ សម្រេចបានជោគជ័យ ថ្មីៗមកនេះ។
គួរបញ្ជាក់ថា ក្រសួងបរិស្ថាន និងអង្គការដៃគូ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីធ្វើការប្រកាស បើកយុទ្ធនាការ ” អន្ទាក់សូន្យ” នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ដែលក្នុងនេះមានចំនួន ៦ ខេត្ត នៅ តំបន់ជួរភ្នំក្រវាញ។
ទាក់ទិនក្នុងរឿងនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថាៈ យុទ្ធនាការអន្ទាក់សូន្យ នឹងចាប់ផ្តើមឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ។ យុទ្ធនាការនេះ មានគោលបំណងសំខាន់ៗ ចំនួន៤គឺៈ ទី១ គឺការពង្រឹងការគាំទ្រ ប្រមូលនូវធនធាន ដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ , ទី២ ទប់ស្កាត់ការជួញដូរសត្វព្រៃ ដោយខុសច្បាប់, ទី៣ ការពង្រឹងទៅលើការអនុវត្តច្បាប់ និង ពង្រឹងទៅលើការអភិវឌ្ឍន៍ សេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលដៅកាត់បន្ថយ ចំនួនអន្ទាក់ ក្នុងតំបន់ការពារធម្មជាតិ និងទី៤ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ឱ្យបញ្ឈប់ការបរិភោគ សាច់សត្វព្រៃបន្តទៀត។
លោកបានមានប្រសាសន៍ថាៈ គោលបំណងទាំង ៤ នេះ គឺផ្តោតសំខាន់ ដើម្បីឱ្យពលរដ្ឋ បានយល់ដឹង ពីផលប្រយោជន៍សត្វព្រៃ ហើយងាកមកចូលរួមអភិរក្សសត្វព្រៃ ឱ្យបាន កើនឡើង ដើម្បីផ្តល់ផលប្រយោជន៍ សម្រាប់ជាវិស័យទេសចរណ៍ធម្មជាតិ ដែលជាផ្នែក មួយនៃទេសចរណ៍ ផ្សារភ្ជាប់ទឹកដី។ សម្រាប់យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី១ បានធ្វើឡើងចំនួន ៦ ខេត្ត ហើយយុទ្ធនាការអន្ទាក់សូន្យដំណាក់ទី២ នេះ ក៏មានចំនួន ៦ ខេត្តដែរ ដោយបានចាប់ផ្តើមពីខេត្តពោធិ៍សាត់ ទៅខេត្តកំពង់ស្ពឺ កោះកុង បាត់ដំបង ប៉ៃលិន និងខេត្តសៀមរាប។
ទោះបីយ៉ាងណា លោក រដ្ឋលេខាធិការ បានមានប្រសាសន៍ ដោយបញ្ជាក់ដែរថាៈ ”បើទោះបីអន្ទាក់ទាំងអស់ ដោះមិនទាន់អស់ក៏ដោយ ប៉ុន្តែការដោះអន្ទាក់នេះ ក៏ជាផ្នែកមួយសម្រាប់ជួយរំដោះ ពីការគ្រោះថ្នាក់ ដល់សត្វព្រៃផងដែរ”។
លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ ការដោះអន្ទាក់ចំនួន ២ ឆ្នាំ កន្លងមកនេះ ពោលគឺ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ យើងបាន ដោះអន្ទាក់ សរុបចំនួន ៩៦.៣៥៧ អន្ទាក់ ហើយក្នុងចំណោមនេះ អន្ទាក់ដែលត្រូវបាន ដោះច្រើនជាងគេ គឺអន្ទាក់នៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង ខេត្តពោធិ៍សាត់ និងបណ្តាខេត្ត នៅភូមិភាគឦសាន ដូចជា មណ្ដលគិរី រតនគិរី ស្ទឹងត្រែង និងក្រៅពីនេះ ដូចជា ខេត្តព្រះវិហារ កំពង់ធំ ជាដើម។ ក្នុងរយៈពេល ២ ឆ្នាំនេះ យើងក៏បានដកហូត កាំភ្លើងកែច្នៃ និង អាវុធពិត ចំនួន ១.៤១៦ ដើម។
លោក គឹម ណុង អគ្គនាយក នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់ថាៈ ”សុំឱ្យប្រជាពលរដ្ឋ ផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់ពឹងអាស្រ័យ ធនធានធម្មជាតិ ងាកមកការការពារ និងអភិរក្សធនធានធម្មជាតិ ដើម្បីបង្កើនសេដ្ឋកិច្ច ជីវភាពគ្រួសាររបស់យើង។ អញ្ចឹងគោលដៅអន្ទាក់សូន្យនេះ គឺក្នុងគោលបំណងឱ្យមាន ការផ្លាស់ប្តូរឥរិយាបថ មកចូលរួមអភិរក្សធនធានធម្មជាតិរបស់យើង”។
លោកបានបញ្ជាក់ប្រាប់ថាៈ កន្លងមក មន្ត្រីឧទ្យានុរក្ស គឺជាអ្នកបានចូលរួមទប់ស្កាត់ ការដាក់អន្ទាក់ មានតូនាទីបំផុសពលរដ្ឋ ឱ្យបានយល់ដឹងពីច្បាប់ សំដៅធ្វើយ៉ាងណា ទប់ស្កាត់ការបំផ្លិចបំផ្លាញសត្វព្រៃ។ ហេតុនេះ បើយើងបានចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ ការសម្លាប់សត្វព្រៃ ការបំផុសពលរដ្ឋឱ្យបានយល់ដឹង ពីធនធានធម្មជាតិ នោះ យើងអាចប្រែក្លាយតំបន់ទេសចរណ៍ ទៅជាតំបន់ទេសចរណ៍ ប្រកបដោយ សក្តានុពល ហើយក៏ជាប្រភពចំណូល ដល់ពលរដ្ឋមូលដ្ឋាន។
ទាក់ទិនក្នុងរឿងនេះ លោក សេង ទៀក នាយកប្រតិបត្តិអង្គការមូលនិធិសកល សម្រាប់ អភិរក្សធនធានធម្មជាតិ (WWF ) បានលើកឡើង ដោយបញ្ជាក់ថាៈ ពលរដ្ឋជាង ៣ លាននាក់ បានទទួលសារពីយុទ្ធការអន្ទាក់សូន្យទី១ ក្នុងនេះ ពួកគាត់បានយល់ដឹង ពីផលប្រយោជន៍សត្វព្រៃ ពីស្ថានភាពសត្វព្រៃ នៅកម្ពុជា បញ្ហាប្រឈម និង ពិសេស ពីការបញ្ឈប់បរិភោគសាច់សត្វព្រៃ និងយល់ដឹងពីច្បាប់ជាដើម។
លោកបានថ្លែងឱ្យដឹងផងថាៈ ក្រោយយុទ្ធនាការអន្ទាក់សូន្យ លើកទី១ មក ចំនួនការដាក់ អន្ទាក់ មានចំនួនថយចុះច្រើន។ ក្នុងនេះដូចជា តួលេខចុងក្រោយគឺ ក្នុងឆ្នាំ២០២១ មុនយុទ្ធនាការអន្ទាក់សូន្យ ចំនួនអន្ទាក់ដែលប្រមូលបាន ក្នុងតំបន់ការពារធម្មជាតិ ៦១.១៦០ អន្ទាក់ ហើយឆ្នាំ២០២២ ក្រោយការបើកយុទ្ធនាការអន្ទាក់សូន្យមក គេធ្វើការប្រមូលអន្ទាក់ បានត្រឹមតែ ៣៥.១១៨ អន្ទាក់។ តួលេខនេះ មានការថយចុះ ប្រមាណ ៤០ ភាគរយ ពិសេសជាងនេះ កាំភ្លើងកែច្នៃដែលក្រសួងបរិស្ថាន ផ្តល់ទិន្នន័យ នោះគឺ ប្រមូលបានក្នុងឆ្នាំ ២០២១ មានចំនួន ១.២០០ ដើម ប៉ុន្តែក្នុងឆ្នាំ២០២២ ប្រមូលបាន ៥១៦ ហើយបើគិតជាតួលេខ ថយចុះ ៥០ ភាគរយ។ លទ្ធផលនេះ គឺបានតាមរយៈការធ្វើអន្ទាក់សូន្យ នាពេលកន្លងមក៕/V.mara