ដោយ: បូកគោ / កំពត: សិស្សសាលា បួននាក់ និងអ្នកបើកបរផង បានរងរបួសធ្ងន់ ស្រាល ដោយសាររថភ្លើង បុករថយន្ត ពេលធ្វើដំណើរដល់ចំណុចផ្លូវខ្វែងគ្នា។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្ថិតក្នុងទឹកដីភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។
មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋានស្រុកទឹកឈូ បានបា្រប់ឱ្យដឹងថាៈ កាលពីវេលា ម៉ោង ១២ និង១៥នាទី ថ្ងៃត្រង់ ថ្ងៃទី២ខែមីនា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្ត ពេលធ្វើដំណើរដល់ចំណុចផ្លូវខ្វែងគ្នា ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ បណ្តាលឱ្យមនុស្ស ប្រាំនាក់ រងរបួសធ្ងន់ស្រាល។ មុនគ្រោះថ្នាក់កើតឡើង គេឃើញរថយន្តដឹកសិស្ស របស់សាលាសុវណ្ណភូមិ មកពីទិសខាងជើង បើកឡើង បម្រុងឆ្លងផ្លូវរថភ្លើង។ ស្របពេលនោះ ស្រាប់តែមានរថភ្លើងមួយខ្សែ មកពីទិសខាងកើតបានបុក បណ្តាលឱ្យរថយន្ត ខ្ទាតចេញពីផ្លូវតែម្តង។
សមត្ថកិច្ច បានបញ្ជាក់ថាៈ ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យកុមារ ជាសិស្សសាលា ពីរនាក់ របួសធ្ងន់ និង ពីរនាក់ទៀត រួមទាំងអ្នកបើកបររថយន្តផង រងរបួសស្រាល។ ក្រោយបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងត្រួតពិនិត្យរួចរាល់ សមត្ថកិច្ច បាននាំយករថយន្ត ម៉ាកសាំយ៉ុង ពណ៌ក្រហមលឿង ពាក់ស្លាកលេខ តាកែវ 2B -2268 ទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំត្រពាំងធំដើម្បីដោះស្រាយតាមនីតិវិធី៕/V-PC