ដោយ៖ដេប៉ូ/ភ្នំពេញ៖លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថាក្នុងការលើកកម្ពស់តួនាទីរបស់ស្រ្តីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងការចូលរួមចំណែករបស់ស្ត្រីក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ គឺនៅមានសក្តានុពលច្រើន។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងបែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាស្រ្តីរបស់ក្រសួង ដើម្បីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ“ ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល” “Women Together for Peace and Development in Digital Age” រៀបចំឡើងនៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ិត សំហេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជំរុញ និងរៀបចំកម្មវិធីនេះឡើងដើម្បីអបអរសារទរ និងរំលឹកពីប្រវត្តិនៃការតស៊ូ និងជោគជ័យរបស់ស្ត្រីក្នុងការទាមទារដណ្តើមយកមកនូវសិទ្ធិខាងសេដ្ឋកិច្ច សង្គម និងនយោបាយដែលជាង ១០០ឆ្នាំមុននេះ សិទ្ធិទាំងនេះពុំត្រូវបានធានា និងផ្តល់ជូនស្ត្រីនោះឡើយ។

ទាក់ទិនក្នុងរឿងនេះដែរលោក មានប្រសាសន៍ថា មូលបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ នេះគឺត្រូវបានជ្រើសរើសឡើងដើម្បីរំលេចពីតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានយកជីវិតធ្វើជាដើមទុន ខិតខំតស៊ូគ្រប់បែបយ៉ាងរហូតឈានទៅសម្រេចបានជោគជ័យទាំងស្រុងនូវការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយដែលយើងបានរួមគ្នាបន្តខិតខំថែរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងធានាបាននូវសុខុមាលភាព និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន ពោល គ្មានសន្តិភាពគឺគ្មានអ្វីៗគ្រប់យ៉ាង។

គួរបញ្ជាក់ថា យុទ្ធនាការ៨មីនា គឺជាព្រឹត្តិការណ៍ជាសកលដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្រ្តី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។

ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរៀបចំយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប៕/r