ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង និងទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និងបណ្ឌិត ឌី សមស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋាន អប់រំ និងលោក ស៊ឹមប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីជាប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរអប់រំយុវជននិងកីឡា ។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ វិស័យអប់រំនៅខេត្តកំពង់ឆ្នាំង ទទួលបាននូវលទ្ធផលល្អតាមរយៈនៃការអនុវត្តយ៉ាងសកម្មក្នុងការលើកស្ទួយទាំងបរិមាណនិងគុណភាពទាំងការរៀននិងបង្រៀនដោយឆ្លើយតបបានតាមផែនការសកម្មភាពរបស់ខ្លួន ។
លោកប្រធានមន្ទីរបានឱ្យដឹងថា ៥ឆ្នាំនៃការីកចម្រើនវិស័យអប់រំនិងកីឡានៅខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ធផលជាច្រើនការកសាងនិងជួសជុលអគារសិក្សាបាន១៨ខ្នង ដើម្បីឆ្លើយតបទៅនឹងកំណើននៃការសិក្សារបស់សិស្ស នៅខេត្តកំពង់ឆ្នាំងគិតត្រឹមឆ្នាំសិក្សា២០២១ -២០២២ សិស្សនិទ្ទេសអេមានចំនួន៧៩នាក់ សិស្សពូកែថ្នាក់ជាតិមានចំនួន១៣នាក់ ទទួលមេដាយមាសមួយគ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធ បីគ្រឿង ។ ចំពោះលោកគ្រូ អ្នកគ្រូ ទទួលបានពានរង្វាន់សម្តេចតេជោ ហ៊ុន សែន មានចំនួន២១ពានរង្វាន់ ។ដោយឡែកវិស័យកីឡា ក៏ទទួលបាននូវភាពល្អប្រសើរលើគ្រប់វិញ្ញាសាកីឡា ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃចំពោះលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាក្នុងការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព និង ប្រសិទ្ធភាពខ្ពស់៕សរន / N