ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បាន​ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Victor Oh សមាជិកព្រឹទ្ធសភាកាណាដា នាព្រឹក​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅ​ទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ខណៈប្រតិភូ​អញ្ជើញ​មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមការ​អញ្ជើញ​របស់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Toronto ប្រទេសកាណាដា។

ក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែង​នូវការ​ស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់ លោក Victor Oh និងបានរំឭកអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-និងកាណាដា ជា​ពិសេស​ការចូលរួមរបស់កាណាដានៅក្នុងដំណើរការសន្តិភាព និង​ការអភិវឌ្ឍ​របស់ប្រទេសកម្ពុជា ដូចជាតាមរយៈការផ្តល់ប្រព័ន្ធ​អនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ

លោកឧត្តមសេនីយ៍ក៏បានលើកឡើងផងដែរអំពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ទេសចរណ៍ និងការងារ សំដៅធ្វើយ៉ាងណាផ្សា​រភ្ជាប់​ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេស​តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចដើម្បីស្វែងយល់អំពីស្ថានភាពពិតនៃវឌ្ឍនភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដូចទស្សនកិច្ចរបស់​សមាជិកព្រឹទ្ធសភាកាណាដា នាឱកាសនេះ។

ជាការឆ្លើយតប លោក Victor Oh បានអរគុណចំពោះទស្សនៈវិស័យរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសក្តានុពលនៃទំនាក់ទំនង​ទ្វេភាគី​កាណាដា-កម្ពុជា និងបានគូសបញ្ជាក់អំពីចំណងមិត្តភាពរឹងមាំរវាងរដ្ឋា​ភិបាល, ប្រជាជន និងប្រទេសទាំងពីរ ។ក្នុងនេះ កាណាដាក៏ជាប្រទេស​ដ៏ធំមួយដែលនាំចូលទំនិញពីកម្ពុជា។ លោកក៏បានឯកភាពជាមួយនឹង លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងការផ្តោតកិច្ចខិតខំប្រឹង​ប្រែង​បន្ថែមទៀត លើការជំរុញឱ្យកាន់តែសកម្មនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ​អំពីបញ្ហា​អន្តរជាតិមួយចំនួន ជាពិសេសអំពីសារៈសំខាន់នៃគោលការណ៍​អធិបតេយ្យរដ្ឋ, ការគោរពគ្នាទៅវិញទៅមក និងភាពចាំបាច់នៃការស្វែង​រកដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិដែលកំពុង​កើត​មាននៅក្នុងតំបន់ និងសកលលោក៕សរន / N