ដោយ:សុខុម/ស្ទឹងត្រែង:អ្នកលក់ដូរសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបាននាំគ្នាជួយសង្គ្រោះស្រី្តម្នាក់ដែលពួកគេឃើញកំពុងសម្រាលកូននៅក្បែរស្តូបកម្ពុជាវៀតណាមសួនច្បារមាត់ទន្លសេកុងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២ ខែមីនាឆ្នាំ២០២៣។
លោក អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅរសៀលថ្ងៃទី២ខែមីនាថាស្ត្រីដែលឈឺពោះហើយបានសម្រាលកូននៅតាមសួនច្បារនោះ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះដោយជោគជ័យ ហើយកូនដែលសម្រាលនោះគឺជាកូនស្រីមានទម្ងន់២,៩គីឡូក្រាម ចំណែកសុខភាពម្ដាយនិងកូនគឺធម្មតាទេ ប៉ុន្តែម្ដាយនិងកូនកើតមានជំងឺស្វាយ។ ម្ដាយនិងកូនស្រីកំពុងមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្ទឹងត្រែងជាបណ្ដោះអាសន្ន។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបាននិយាយបន្តទៀតថាស្ត្រីដែលសម្រាលកូននៅសួនច្បារខាងលើនេះគឺជាមនុស្សមានជំងឺផ្លូវចិត្ត(វិកលចរិត)មានស្មារតីមិនហ្នឹងនរពុំទាន់មានសាច់ញាតិបងប្អូនមកទទួលមើលថែទាំនៅឡើយទេ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថានេះគឺជាបញ្ហាមួយដែលក្រុមគ្រូពេទ្យជួបការលំបាកក្នុងការមើលថែទាំ។បន្ថែមពីនេះលោកសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធនិងសប្បុរសជនទាំងអស់ជួយដល់គ្រួសារកំពុងជួបទុក្ខលំបាកនេះផង៕/R