ប្រែ​សម្រួល​:​កញ្ញា​ដា​លី​ស​(​ស្ត្រេត​ថែមស៍​)៖​ការភ័យខ្លាច​ឆ្លងកូវី​ដ​ខ្លាំងពេក​បាន​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​សម្រេចចិត្ត​ចាក់សោ​ឃុំ​ខ្លួនឯង​និង​កូនប្រុស​តូច​របស់​នាង​នៅក្នុង​ផ្ទះ​អស់​រយៈពេល​បី​ឆ្នាំ​។​

​រឿង​នេះ​ទើបតែ​បែកធ្លាយ​កាលពី​ថ្ងៃទី​១៧ កុម្ភៈ ពេល​ប្តី​ទៅ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ជួយ​។​

​ប៉ូលិស​និង​មន្ត្រី​មកពី​មន្ទីរ​សុខាភិបាល​និង​សុខុមាលភាព​កុមារ​បាន​ទៅ​ផ្ទះ​ក្នុង​ទីក្រុង​គូ​រូ​ហ្គ្រា​ម (Gurugram) ភាគ​និរតី​នៃ​ទីក្រុង​ញូវដេល្លី ហើយ​បាន​ទម្លុះ​ទ្វារ​ខាងមុខ​ដើម្បី​ជួយសង្គ្រោះ​ម្តាយ​ឈ្មោះ ម៉ាន់​ម៉ាន់ ម៉ា​ជី (Munmun Majhi) និង​កូនប្រុស​អាយុ ១១ ឆ្នាំ​របស់​នាង​។​

​ប៉ូលិស​បាន​និយាយថា នាង​ម៉ា​ជី​អាយុ ៣៣ ឆ្នាំ​បាន​ចាក់សោ​ឃុំ​ខ្លួនឯង​និង​កូនប្រុស​នៅ​តែ​ក្នុង​ផ្ទះល្វែង​ដែល​មាន​បន្ទប់​គេង​ពីរ​របស់​ពួកគេ ដោយសារ​តែ​ភ័យខ្លាច​ថា កូនប្រុស​នឹង​ស្លាប់​”​ភ្លាមៗ​នៅ​​ពេល​ដែល​រូបគេ​ចេញពីផ្ទះ​”​។​

​រូបភាព​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​និង​បណ្តាញ​សង្គម​បាន​បង្ហាញ​គំនរ​សម្លៀកបំពាក់ សំរាម និង​គ្រឿងទេស​ពាសពេញ​ផ្ទះ​។​

​ជំនួយការ​អធិការរង លោក ប្រា​វីន កុមារ (Praveen Kumar)​បាន​និយាយថា “​ផ្ទះ​ដែល​ស្ត្រី​នោះ​រស់​នៅ​មាន​សំរាម​និង​កខ្វក់​ខ្លាំងណាស់ ហើយ​ប្រសិនបើ​ទុក​តែ​អ៊ីចឹង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​នោះ​រឿង​អា​​ក្រក់​អាច​នឹង​កើតឡើង​”​។​

​ស្ថានភាព​នេះ​បាន​ចាប់ផ្តើម​នៅ​ពេល​ដែល​ប្តី​របស់​នាង​ម៉ា​ជី គឺ​លោក ស៊ូ​ចាន ម៉ា​ជី (Sujan Majhi) បាន​ទៅ​ធ្វើការ បន្ទាប់ពី​ការដក​ការ​រឹតបន្តឹង​ការបិទ​ខ្ទប់​ក្នុង​ឆ្នាំ ២០២០​។ នៅ​ពេល​គាត់​ត្រឡប់មកផ្ទះ​វិញ គាត់​មាន​ការភ្ញាក់ផ្អើល​ដែល​ដឹង​ថា​គាត់​ត្រូវបាន​ចាក់សោ​មិនអាច​ចូល​ផ្ទះ​របស់​គាត់​បាន​។​

​ដោយ​គិត​ថា​ស្ថានភាព​បែបនេះ​គ្រាន់តែ​មាន​លក្ខណៈ​បណ្តោះអាសន្ន លោក​ម៉ា​ជី ដែល​ធ្វើការ​ជា​វិស្វករ បាន​ទៅ​ស្នាក់នៅ​ជាមួយ​សាច់ញាតិ​និង​មិត្តភក្តិ មុន​ពេល​ជួល​ផ្ទះល្វែង​មួយ​នៅ​ជិត​ផ្ទះ​របស់​គាត់​។​

​ពេញ​រយៈពេល​បី​ឆ្នាំ​មកនេះ គាត់​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ​គាត់​តែ​តាមរយៈ​ការហៅ​ជា​វីដេអូ​ប៉ុណ្ណោះ​។​

​គាត់​បាន​បន្ត​បង់ថ្លៃ​ជួល​និង​បង់ថ្លៃ​ទឹក​ភ្លើង​ក្នុងផ្ទះ​អាពាហ៍ពិពាហ៍​របស់គាត់ និង​ទិញ​គ្រឿងទេស​និង​បន្លែ ដែល​គាត់​ទុក​នៅ​ខាងក្រៅ​ទ្វារ​។​

​គាត់​ថែមទាំង​បន្ត​បង់ថ្លៃ​សាលា​របស់​កូនប្រុស​គាត់​ទៀតផង បើ​ទោះបីជា​កូន​ប្រុស​នោះ​អវត្តមាន​យូរ​ក៏ដោយ​។​

​លោក​ម៉ា​ជី​បាន​ស្វែងរក​ជំនួយ​ពី​ឪពុក​ម្តាយ​និង​សាច់ញាតិ​ដើម្បី​បញ្ចុះបញ្ចូល​ប្រពន្ធ​របស់​គាត់​ឱ្យ​ឈប់​ខ្លាច​កូវី​ដ ប៉ុន្តែ​មិន​បាន​ជោគជ័យ ដូច្នេះ​គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ឱ្យ​ជួយ​តែម្តង នេះ​បើ​យោង​តាម​កាសែត The Indian Express៕  

​សមត្ថកិច្ច​ឥណ្ឌា​យក​ក្មេងប្រុស​និង​ម្តាយ​ចេញពីផ្ទះ​ទៅ​កាន់​មន្ទីរពេទ្យ​