ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៍ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលយើងអាចនិយាយបានថា ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ទាំងមូល បានទទួលនូវសេរីភាព រួចចាកផុតពីការគំរាមកំហែង ដោយសារមីន ហើយ ក៏ជាខេត្តទី៩ ដែលត្រូវបានប្រកាស ជាខេត្តអស់មីន នៅទូទាំងប្រទេស។
លោក លី ធុជ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីន នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយមាន មន្ត្រីស៊ីម៉ាក់ មន្ត្រីរាជការ និងជនរងគ្រោះ ដោយសារមីន ជាច្រើនរូបទៀត។
លោក លី ធុជ បានបន្តថាៈ ជាមួយនឹងមោទនភាព ដែលខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាស ជាខេត្តទី៩ ដែលគ្មានមីន ក៏សូមស្នើសុំដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សូមសហការ ជាមួយមន្ត្រីនគរបាលមូលដ្ឋាន ប្រសិនបើឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ បន្តមកមន្ត្រីស៊ីម៉ាក់ ដើម្បីចុះទៅប្រមូលយកមករក្សាទុក។
លោក នួន វាសនា ប្រធាននាយកដ្ឋានកណ្ដាល ទទួលបន្ទុកអគ្គនាយកដ្ឋានធនធាន មនុស្ស បានមានប្រសាសន៍ថាៈ ខេត្តកំពង់ឆ្នាំង មានផ្ទៃដីសរុបជាង ៧.៥៦៦ ម៉ែត្រក្រឡា។ អង្គភាពស៊ីម៉ាក់ បានបោសសំអាតចំការមីន ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ ២០២២ ដោយបានរុករកឃើញ និងកំទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ ផ្ទុះ គ្រប់ប្រភេទ សរុបចំនួន ៧០.៣៩៧ គ្រាប់ ក្នុងនោះ គ្រាប់មីនប្រឆាំងមនុស្ស ចំនួន ៥.៨៣០ គ្រាប់ មានគ្រាប់ប្រឆាំងរថក្រោះ ១៩៦ គ្រាប់ គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់បែកចង្កោម ចំនួន ១.៧៨៧ គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន ៦២.៥៤០ គ្រាប់ ហើយកិច្ចប្រតិបត្តិការនេះ បានសម្រេចរំដោះខេត្តកំពង់ឆ្នាំង ពីការគំរាមដោយគ្រាប់មីនប្រឆាំងមនុស្ស ១០០% ។ ដូច្នេះខេត្តកំពង់ឆ្នាំង គឺជាខេត្តគ្មាន តំបន់មានកំណត់ត្រា ក្នុងទិន្នន័យជាតិ ថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្ស និងក្លាយជា ខេត្ត គ្មានគ្រាប់មីនទៀតឡើយ។
នៅក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ថាៈ ការប្រកាសដាក់ខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីន នាថ្ងៃនេះ ជាសញ្ញាវិជ្ជមាន មួយបន្ថែម ទៀត បន្ថែមលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសក្តានុពលរបស់ខេត្ត ដែលទទួល បានការចាប់អារម្មណ៍ ពីអ្នកវិនិយោគ មកបណ្ដាក់ទុន បង្កើតរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ ធ្វើឲ្យសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង នឹងមានកំណើន គួរកត់សម្គាល់ កាត់បន្ថយ ការចំណាកស្រុក ជាពិសេសកសិករយើង អាចប្រើប្រាស់ដីធ្លី របស់ខ្លួនឲ្យអស់លទ្ធភាព ប្រកបដោយសុវត្ថិភាព ៕/V/R