ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ត្រីយោធា ពីរនាក់ បានស្លាប់ និងសិស្សសាលា ពីរនាក់ បានរងរបួសស្រាល ដោយសារតែរថយន្តតូយ៉ូតា ព្រុស បើករបរក្នុងល្បឿនលឿន និងជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានផ្ទុះកង់ រេចង្កូត ទៅប៉ះរថយន្តធំ និងបុកម៉ូតូ ២ គ្រឿង ។ ឧបទ្ទវហេតុនោះ កើតឡើង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ក្នុងទីប្រជុំជន លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើត ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តកូនដំរី ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ដោយសាររថយន្តតូយ៉ូតា ព្រុស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AG-5701 បើកបរដោយឈ្មោះ អ៊ូ តារាវេហាស៍ ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិ ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ រថយន្ត បានបើកបរពីទិសខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន លុះដល់កន្លែងកើតហេតុ ឡើងវ៉ាជែងម៉ូតូ និងឡានដឹកអង្ករ ក៏ស្រាប់តែ រថយន្តតូយ៉ូតា ព្រុសនោះ បែកកង់ក្រោយ ខាងឆ្វេង បង្កឱ្យរេចង្កូត ដោយគូថរថយន្ត តូយ៉ូតា ព្រុស វិលទៅបុកពីក្រោយរថយន្តដឹកអង្ករ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចង្កូតឆ្វេង ពាក់ផ្លាកលេខ 3A-3833 បាត់ដំបង ។ បន្ទាប់មក រថយន្តតូយ៉ូតា ព្រុស វិលគូថបន្តទៅ បុកបោកប៉ះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ខ-ម 1-3600 បើកបរ ក្នុងទិសដៅផ្ទុយគ្នា ពីខាងលិច ទៅខាងកើត ។ ម៉ូតូនេះ បើកបរដោយឈ្មោះ ឡេ លីឡា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ យោធា រស់នៅភូមិ-ឃុំ-ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរួមដំណើរដោយឈ្មោះ គី វីនដា ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ យោធា រស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ដោយឡែក ម៉ូតូហុងដាសេ ១២៥ ពាក់ស្លាកលេខ 1U 6606 បន្ទាយមានជ័យ ១គ្រឿង ដែលគេចពីរថយន្តតូយ៉ូតា ព្រុស បុកម៉ូតូហុងដា វ៉េវ របស់មន្ត្រីយោធានោះ បណ្តាលឱ្យ ដួលបន្តទៀត ដោយអ្នកបើកបរ និងអ្នករួមដំណើរ សរុប ពីរនាក់ នៃម៉ូតូនេះ ជាសិស្ស នៅវិទ្យាល័យនិមិត្ត បានរងរបួសស្រាល ។
លោកវរសេនីយ៍ គី មករា បានបន្តថាៈ ឧបទ្ទវហេតុនោះ បង្កឱ្យមន្ត្រីយោធាពីរនាក់ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដោយម៉ូតូម៉ាកហុងដា វ៉េវ ពាក់ផ្លាកលេខ ខ-ម 1-3600 បានស្លាប់ ។ ឯរថយន្តតូយ៉ូតា ព្រុស និងម៉ូតូ ខូចខាតធ្ងន់ធ្ងរ ដូចគ្នា និងម៉ូតូខូច ស្រាល ១គ្រឿង ។
សមត្ថកិច្ច បានបន្ថែមថាៈ មូលហេតុនៃគ្រោះថ្នាក់នេះ បង្កមកពីរថយន្តតូយ៉ូតា ព្រុស វ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ និងរថយន្តខ្វះលក្ខណៈបច្ចេកទេស (បែកកង់) ថែមទៀត ។ ចំណែកអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព ។
សមត្ថកិច្ច បានបន្តថាៈ ករណីនេះ សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើកបរ (ដែលមិនរបួស ធំដុំ) នៃរថយន្តតូយ៉ូតា ព្រុស ដើម្បីអនុវត្តន៍តាមនីតីវិធី ។
សូមបញ្ជាក់ដែរថា មន្ត្រីយោធា អ្នកបើកបរម៉ូតូ ដែលរងគ្រោះស្លាប់ មានគូដណ្តឹង ហើយជិតរៀបការ ។ នៅទីកើតហេតុ គូដណ្តឹងស្រី និងម្តាយនាង ក៏បានមកមើល និងជូនសព ទៅធ្វើបុណ្យ ។
ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍នេះ មេបញ្ជាការ មេបញ្ជាការរង នៃតំបន់ប្រតិបត្តិការ សឹករង ខេត្តបន្ទាយមានជ័យ បានចូលរួមមរណទុក្ខ ហើយសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមន្ត្រីយោធា ពីររូប ហើយស្នើឱ្យសមត្ថកិច្ច អ្នកអនុវត្តច្បាប់ នាំជនបង្កទៅទទួលខុសត្រូវ ចំពោះមុខច្បាប់ លើបទបង្កគ្រោះថ្នាក់នេះឱ្យធ្ងន់ ដើម្បីផ្តល់យុត្តិធម៌ ដល់ជនរងគ្រោះ៕ V / N