ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ប្តីបានបាញ់ប្រពន្ធ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម នៅក្នុងផ្ទះលេខ ១៦៨ ស្ថិតនៅបុរីពិភពថ្មី (គួរស្រូវ៣) ផ្លូវ KS3 ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៤ រសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងបន្ទប់ ទីកន្លែងដែលស្ត្រីរងគ្រោះ ស្លាប់ គឺសមត្ថកិច្ច បានឃើញស្នាមដានជើង របស់ឃាតក ដែលប្រឡាក់ដោយឈាម នៅលើឥដ្ឋ ។ នៅមិនទាន់ដឹងមូលហេតុ ពិតប្រាកដ ដែលបណ្តាលឲ្យប្តីបាញ់សម្លាប់ប្រពន្ធ នៅឡើយទេ។
ស្ត្រីរងគ្រោះ មានឈ្មោះ ម៉ៃ សុគន្ធា អាយុ ៣៤ ឆ្នាំ មានមុខរបរ ជាជាងសាឡន ត្រូវគ្រាប់កាំភ្លើង ចំនួន ២ គ្រាប់ ។
បើតាមអ្នកជិតខាង បានឲ្យដឹងថាៈ ស្ត្រីរងគ្រោះ ធ្លាប់មានប្តី ម្តងរួចមកហើយ គឺមានកូន ៤ នាក់ ហើយប្តីមុន គឺបានលែងលះគ្នា ជាង ១ ឆ្នាំមកហើយ។ បន្ទាប់មក ស្ត្រីរងគ្រោះ ក៏បានមានទំនាក់ទំនង ជាមួយជនសង្ស័យ រហូតបានគ្នា ជាប្តីប្រពន្ធ។ ស្ត្រីរងគ្រោះ គឺមានផ្ទៃពោះ ៤ ខែ។
ទាក់ទងករណីនេះ សមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួន ជនសង្ស័យ៕/V/R