ដោយៈ មុនីរ័ត្ន-ចាន់តូ / ភ្នំពេញៈ ឃាតកដែលបានបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានចូលខ្លួនសារភាព នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ។ ការចូលខ្លួនសារភាព នៅកន្លែងសមត្ថកិច្ច គឺបន្ទាប់ពីជនសង្ស័យ បានបាញ់សម្លាប់ ប្រពន្ធខ្លួនឯង ចំនួនពីរគ្រាប់។
សូមជម្រាបថា ប្តីបានបាញ់ប្រពន្ធ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម យ៉ាងអាណោច អាធ័ម នៅក្នុងផ្ទះលេខ ១៦៨ ស្ថិតនៅបុរីពិភពថ្មី (កួរស្រូវ៣) ផ្លូវ KS3 ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ករណីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៤ រសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។
នៅក្នុងបន្ទប់ ទីកន្លែងដែលស្ត្រីរងគ្រោះ ស្លាប់ គឺសមត្ថកិច្ច បានឃើញស្នាមដានជើង របស់ឃាតក ដែលប្រឡាក់ដោយឈាម នៅលើឥដ្ឋ ។ នៅមិនទាន់ដឹងមូលហេតុ ពិតប្រាកដ ដែលបណ្តាលឲ្យប្តីបាញ់សម្លាប់ប្រពន្ធ នៅឡើយទេ។
ស្ត្រីរងគ្រោះ មានឈ្មោះ ម៉ៃ សុគន្ធា អាយុ ៣៤ ឆ្នាំ មានមុខរបរ ជាជាងសាឡន ត្រូវគ្រាប់កាំភ្លើង ចំនួន ២ គ្រាប់ ។
បើតាមអ្នកជិតខាង បានឲ្យដឹងថាៈ ស្ត្រីរងគ្រោះ ធ្លាប់មានប្តី ម្តងរួចមកហើយ គឺមានកូន ៤ នាក់ ហើយប្តីមុន គឺបានលែងលះគ្នា ជាង ១ ឆ្នាំមកហើយ។ បន្ទាប់មក ស្ត្រីរងគ្រោះ ក៏បានមានទំនាក់ទំនង ជាមួយជនសង្ស័យ រហូតបានគ្នា ជាប្តីប្រពន្ធ។ ស្ត្រីរងគ្រោះ គឺមានផ្ទៃពោះ ៤ ខែ។ នៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យប្តី បាញ់សម្លាប់ប្រពន្ធនៅឡើយទេ។
បើតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនដៃដល់ បាញ់សម្លាប់ប្រពន្ធខ្លួនឯងនេះ ជាមុខសញ្ញាគ្រឿងញៀន និងធ្លាប់ជាប់គុក ករណីសម្លាប់មនុស្ស នៅខេត្តព្រះសីហនុ ។
ដោយឡែក បើតាមប្រភពព័ត៌មាន នៅមុនពេលកើតហេតុ បានឱ្យដឹងថា ដំបូងឡើយ សាច់ញាតិរបស់ស្ត្រីរងគ្រោះ បានទំនាក់ទំនងតាមទូរស័ព្ទ ពីស្រុកកំណើតមក ដោយមាន ការណ៍ ប៉ុន្តែជនរងគ្រោះ មិនទទួលទូរស័ព្ទសោះ ទើបសាច់ញាតិ បានទាក់ទងទៅអ្នកជិត ខាង ឱ្យទៅជួយមើលផង ព្រោះគាត់មានការណ៍ ។ បន្ទាប់មក អ្នកជិតខាង បានដើរទៅ ស្រែកហៅដែរ ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ ទើបអ្នកជិតខាង សម្រេចទៅហៅ សន្តិសុខបុរី ឱ្យជួយចូលទៅមើលក្នុងផ្ទះ ។ ភ្លាមនោះ សន្តិសុខបុរី បានទៅដល់ ហើយបានដើរចូលទៅក្នុងផ្ទះ ខាងលើ ជាមួយអ្នកជិតខាង ព្រោះផ្ទះមិនមានចាក់សោរ លុះដើរចូលទៅដល់ក្នុងហើយ នៅតែមិនឃើញមានមនុស្ស ហើយស្រែកហៅខ្លាំងៗ ក៏មិនមានអ្នកឆ្លើយ ពួកគេ ក៏បានសម្រេចចិត្តនាំគ្នា ចូលទៅមើល ក្នុងបន្ទប់សម្រាក ក៏ឃើញស្ត្រីរងគ្រោះ ដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។
ក្រោយប្រទះឃើញសព ទើបសន្តិសុខបុរី បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ បានចុះពិនិត្យ និងធ្វើកោសល្យ វិច័យជុំវិញ នៅទីតាំងកើតហេតុតែម្ដង ។ ជាក់ស្តែង នៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញមានសំបកកទុស្សគ្រាប់កាំភ្លើង និងសាកសព ហើយកម្លាំងសមត្ថកិច្ច បានកំពុងបើកការស្រាវជ្រាវ ក្នុងការតាមចាប់បុរសជាប្តី ក៏ប៉ុន្តែក្រោយមក ជនដៃដល់ បានចូលខ្លួនសារភាព នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃដដែលនោះ ៕ V / N