ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំ ជាមួយលោក គ្រីស្តូហ្វ បេជុយ (Christophe Bechu) រដ្ឋមន្ត្រីក្រសួងបរិស្ថាន​នៃប្រទេសបារាំង (Minister of Ecological Transition, France) និងបណ្តារដ្ឋមន្ត្រីជាច្រើនទៀត ដើម្បីផ្តួចផ្តើមបង្កើតនូវ «សម្ព័ន្ធភាពនៃប្រទេសមាន ព្រៃឈើ» ក្នុងគោលបំណងពង្រឹងការប្រើប្រាស់ផល និងអនុផលព្រៃឈើ ប្រកបដោយ និរន្តរភាព និងពង្រីកឧស្សាហកម្មឈើដាំ ដើម្បីបង្កើនឱកាសសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរ។

 

បើយោងតាមក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ បានធ្វើឡើង នាថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ នាទីក្រុង Libreville ប្រទេសហ្គាបុង (Gabon) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលព្រៃឈើតែមួយ (One Forest Summit) ។

ក្រសួងបរិស្ថាន បានគាំទ្រនូវគំនិតផ្តួចផ្តើមនេះ ដោយពិនិត្យថា ការចូលរួមក្នុងសម្ព័ន្ធភាព នេះ នឹងផ្តល់ផលប្រយោជន៍បន្ថែម ដល់ប្រទេសកម្ពុជាយើង ដែលបាននិងកំពុងអនុវត្ត រួចមកហើយ តាមរយៈការបង្ហាត់បង្រៀនប្រជាសហគមន៍ ឱ្យចេះប្រើប្រាស់ និងកែច្នៃ អនុផលព្រៃឈើ ដែលជាផលិតផលនាំចេញ នៅនឹងកន្លែង។ ម៉្យាងទៀត ចំពោះឧស្សាហ កម្មឈើដាំ កម្ពុជាក៏បានអនុវត្ត នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងក្រចេះ ដែលបានចូលរួម ក្នុងការបង្កើនឱកាសសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន របស់ប្រជាសហគមន៍៕ V / N