ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ អ្នកសារព័ត៌មាន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ឱ្យបានជ្រាបថា ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវការចេញផ្សាយព័ត៌មានមិនត្រឹមត្រូវ និងមិនពិត បែបប្រឌិត ស្តីពីករណីជំងឺផ្តាសាយបក្សី H5N1 ដែលបានរកឃើញនៅ ខេត្តព្រៃវែង នាពេលកន្លងទៅនេះ ថាជាករណីឆ្លងពី មនុស្សទៅមនុស្ស។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការច្រានចោលនូវព័ត៌មានមិនពិត ទាក់ទងនឹងករណីឆ្លងវីរុសផ្ដាសាយ បក្សី H5N1 នៅកម្ពុជា ។

សេចក្ដីប្រកាសព័ត៌មាន បានលើកឡើងថាៈ ក្រសួងសុខាភិបាល សូមជម្រាបជូន សាធារណជន ឲ្យបានជ្រាបថា គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ក្រសួងបានរកឃើញ ករណីជំងឺផ្តាសាយបក្សី H5N1 ចំនួន ២ ករណីតែប៉ុណ្ណោះ នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលក្នុងនេះ មានកុមារីអាយុ ១១ឆ្នាំ ៦ខែម្នាក់ បានស្លាប់ និងឪពុករបស់កុមារីរូបនេះ បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យបង្អែក ស្រុករួចទៅហើយ។ ករណីវិជ្ជមានវីរុសផ្តាសាយបក្សី H5N1 ទាំង ២នាក់ នេះ ត្រូវបានសន្និដ្ឋានថា ជា “ការចម្លងវីរុសផ្ដាសាយបក្សី H5N1 ពីសត្វបក្សីមកមនុស្ស ដែលមិនមែនជាការចម្លងពី មនុស្សទៅមនុស្ស” នោះទេ។ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវរាល់ព័ត៌មានមិនត្រឹមត្រូវ ឬ ព័ត៌មានមិនពិត ដែលត្រូវបាន ផ្សព្វផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ស្ដីអំពីករណី ជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅកម្ពុជានេះ។

គិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ វត្ថុសំណាកសរុបចំនួន ៥១ សំណាក (យកពីបុគ្គល ដែលមានទំនាក់ទំនងជិតស្និទ្ធចំនួន ២០នាក់ និងបុគ្គលដែលមានរោគសញ្ញា ដូចជំងឺគ្រុន ផ្តាសាយ ចំនួន ៣១នាក់) ត្រូវបានប្រមូល យកដើម្បីធ្វើការវិភាគ ហើយលទ្ធផលបាន បង្ហាញថា អវិជ្ជមានវីរុស H5N1 ទាំងអស់។ ក្រុមអង្កេតស្រាវជ្រាវរបស់ ក្រសួងសុខាភិបាល នៅតែបន្តមានវត្តមាន នៅខេត្តព្រៃវែងនៅឡើយ ដើម្បីអង្កេតស្រាវជ្រាវ រកករណីជំងឺផ្តាសាយ បក្សី H5N1 ជាបន្តទៀត ហើយនឹងបន្តប្រមូលវត្ថុសំណាក សម្រាប់ធ្វើវិភាគ ពីបុគ្គលដែលមានរោគសញ្ញាសង្ស័យ និងបុគ្គលមានរោគសញ្ញា ដូចជំងឺគ្រុនផ្តាសាយផងដែរ។

ផ្នែកវីរុសសាស្ត្រ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ អំពីវត្តមានវីរុស A/H5N1 នៅក្នុងវត្ថុសំណាក​ដែលបានផ្ញើមកវិភាគ ហើយបានធ្វើវិភាគលម្អិតនូវហ្សែន (full genome sequencing) ដែលមាននៅលើ GISAID (GISAID: Enabling rapid and open access to epidemic and pandemic virus data) mulgub is កុម្ភៈ ឆ្នាំ២០២៣។ វីរុសប្រភេទ AH5N1 ដែលបានរកឃើញ លើករណីនៅកម្ពុជា បានបង្ហាញពីការផ្លាស់ប្តូរ ដែលត្រូវបានគេរំពឹងថា វីរុសនេះ ឆ្លងពីបក្សី ទៅមនុស្ស ប៉ុន្តែនេះ មិនបង្ហាញថា វីរុសនេះ កំពុងបម្លែងខ្លួន ឬសម្របខ្លួនទៅជាការចម្លងពីមនុស្ស ទៅមនុស្សនោះទេ។ វីរុស A/H5N1 នៅកម្ពុជា មិនមានការបម្លែងខ្លួន ដែលទាក់ទងនឹងការកើនឡើងនៃការចម្លង នៃថនិកសត្វនោះទេ។

ក្រសួងសុខាភិបាលកម្ពុជា សូមឱ្យស្ថាប័នសារព័ត៌មានទាំងអស់ កែតម្រូវ និងទទួលខុស ត្រូវចំពោះព័ត៌មាន ដែលខ្លួនផ្សព្វផ្សាយ និងធានាថា ការរាយការណ៍របស់ខ្លួន គឺផ្អែកលើ ភស្តុតាងវិទ្យាសាស្ត្រត្រឹមត្រូវ និងធ្វើសម្រង់ ព័ត៌មានឱ្យបានត្រឹមត្រូវ៕/V/r