ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប ពិភាក្សាការងារ ជាមួយលោកបណ្ឌិត សាន់ឌី​អានដេមេន (Sandy J. Andelman) តំណាងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដើម្បីពិភាក្សាលើ គំនិតផ្តួចផ្តើមគម្រោងមួយ ដែលនឹងទទួលការគាំទ្រ ពីមូលនិធិអាកាសធាតុបៃតង។

យោងតាមទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ក្នុងជំនួបខាងលើ ភាគីទាំងពីរ បានពិភាក្សាផ្តោតសំខាន់ លើការងារចំនួន ៣ រួមមាន៖ (១) ការផ្តល់កម្ចី ការប្រាក់ទាប ជូនដល់ប្រជាសហគមន៍មូលដ្ឋាន តាមរយៈធនាគារជាដៃគូក្នុងស្រុក (២) ការជួយការពារព្រៃឈើ ឱ្យបានកាន់តែល្អ ដើម្បីចូលរួមចំណែក ក្នុងកាត់បន្ថយឧស្ម័ន ផ្ទះកញ្ចក់ និងការប្រែប្រួលអាកាសធាតុ និង(៣) ការផ្តល់ជាជំនួយបច្ចេកទេស លើការគ្រប់គ្រងឥណទានកាបូន។

គួរបញ្ជាក់ថា ក្នុងជំនួបនេះ ធ្វើឡើងអំឡុងពេល លោក រដ្ឋមន្រ្តី អញ្ជើញបំពេញបេសកកម្ម ផ្លូវការ តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅទីក្រុងលីប្រីវីល សាធារណរដ្ឋហ្គាបុង ចាប់ពីថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៣៕ V / N