ឆ្នាំជូត

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយតែងលូតលាស់បោះជំហ៊ានទៅមុខជានិច្ច។

-កិច្ចការងារ៖នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាក្រោយថែមទៀត។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួស ឬ ហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ ​

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រពៃ៕

 

ឆ្នាំឆ្លូវ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងក្នុងរឿងអ្វីមួយបន្តិចព្រោះថា កាលបើសម្រេចចិត្តខុសនោះនាំឱ្យជួបស្ថានភាពលំបាកជាន់លើជាន់ថែមទៀត។

-កិច្ចការងារ៖សម្រាប់បញ្ហាកិច្ចការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លានោះផ្លែផ្កាដែលផ្តល់មកវិញតែងឆ្លើយតបដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកនាថ្ងៃខាងមុខចៀសមិនរួច៕

 

ឆ្នាំខាល

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។

 -កិច្ចការងារ៖ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរគ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើស និង ប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕

 

ឆ្នាំថោះ

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក បានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែងវិញខ្លះ ។

-កិច្ចការងារ៖ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញដែរ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយ ឬ ត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។

បញ្ហាស្នេហា៖សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕

 

ឆ្នាំរោង

 

យីអ៊ុនថ្ងៃនេះខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងពេលនេះបើបានទទួលជោគជ័យអ្វីមួយមិនត្រូវអំនួត ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញមានភាពរលូនគ្រាន់គាប់ប្រសើរ ហើយបើមានកិច្ចការងារថ្មីៗផងតែងទទួលជោគជ័យផងដែរ។លោកអ្នកអាចប្រកបការងារពេញដៃពេញជើង ហើយពិសេសមានក្រុមមនុស្សជួយជ្រោមជ្រែងថែមទៀត។

ការធ្វើជំនួញ៖សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុក។

បញ្ហាស្នេហា៖    សម្ព័ន្ធស្នេហាកំលោះក្រមុំបើមានការទុំជោរហើយជាឱកាសល្អក្នុងការរៀបអាពាហ៍ពិពាហ៍បំផុត៕

 

ឆ្នាំម្សាញ់

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះលោកអ្នកអាចទទួលដំណឹងល្អឬរឿងរាវល្អៗចូលមកវិញផង។

-កិច្ចការងារ៖សម្រាប់ការបំពេញការងារ អ្វីលោកអ្នកត្រូវចងចាំថាមានតម្លៃហើយពិសេសធ្វើច្រើនទទួលបានផលច្រើនទៀតផង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។

បញ្ហាស្នេហា៖សេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

 

ឆ្នាំមមី

 

យីអ៊ុនថ្ងៃនេះស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសនៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តរឿងសំខាន់ ឬ ណាត់ជួបចរចារឿងធំដុំណាមួយឡើយពីព្រោះថាងាយភ្លាំងភ្លាត់ និងជួបបញ្ហាលំបាកមកវិញនាពេលក្រោយ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះប្រកបការងារអ្វីក៏ដោយចូរចេះអត់ធ្មត់ និង រំងាប់ចិត្តឱ្យបានត្រជាក់ទើបអាចទប់ទល់ជាមួយបញ្ហាឧបទ្រពយាយីទៅរួច។

ការធ្វើជំនួញ៖សម្រាប់អ្នក ប្រកប របរ រកស៊ីជួញដូរ លោកអ្នក ចូរចេះមាន ចិត្តត្រង់ទៅត្រង់មក មិនត្រូវមើលឃើញតែផលប្រយោជន៍នោះដែរ ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ ឬ ពោះម៉ាយមេម៉ាយក្តីគប្បីមានការប្រយ័ត្នប្រយែងកុំបង្កតែទំនាស់ចំពោះគ្នានាំឱ្យកើតតែជម្លោះវិវាទរកភាពផ្អែមល្ហែមពុំសូវឃើញ៕

 

ឆ្នាំមមែ

 

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះបើជាស្រ្តីលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់ និងមិនត្រូវប្រកែប្រកាន់ច្រើនឡើយនាំតែបង្កើតបញ្ហាជាមួយអ្នកដទៃមិនចេះចប់ប៉ុណ្ណោះ ។

-កិច្ចការងារ៖ការប្រកបការងារមានការជឿនលឿនតិច ហើយពិសេសកិច្ចការងារមិនអាចធ្វេសប្រហែសឡើយនាំជួបស្ថានភាពលំបាកណាមួយស្មានមិនដល់។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើង។

បញ្ហាស្នេហា៖   រីឯបញ្ហាស្នេហាកំលោះក្រមុំចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកប្រេះស្រាំធ្ងន់ធ្ងរណាមួយកើតឡើង៕

 

ឆ្នាំវក

 

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ក្នុងរង្វង់គ្រួសារកើតមានភាពសុខដុម និង កំពុងកើតវាលកាលកុម្ពត្រជាក់ត្រជុំគ្រាន់គាប់ប្រសើរឡើងវិញ ។

-កិច្ចការងារ៖ថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះទោះធ្វើអ្វីត្រូវសម្រុកឱ្យបានពេញទីនោះផ្លែផ្កាល្អៗតែងហុចមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ផ្លាស់ទីកន្លែងលក់ដូរឬចង់រើទីកន្លែងលក់ដូរឃើញថាក៏ជាឱកាសប្រពៃណាស់។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីពុះកញ្រ្ជោលព្រោះតែការសេពកាមគុណប្រយ័ត្នរែកពន់ទុក្ខសោកនៅគ្រាក្រោយហើយអសោចកេរិ៍្តឈ្មោះឥតអំពើ៕

 

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះលោកអ្នកត្រូវពុះពារផលលំបាកច្រើនបន្តិចទើបអាចឆ្លងចូលដល់ពេលវេលាគ្រាន់សុខស្រួលខ្លួននៅគ្រាខាងមុខបន្តិចវិញ។

-កិច្ចការងារ៖ដោយឡែកនៅថ្ងៃនេះវិញដំណើរជីវិតរបស់លោកអ្នកបានងើបប្រសើរ មិនថាជាកិច្ចការងារ ឬ ប្រាក់កាសតែងផ្តល់ជាផ្លែផ្កាមកវិញជានិច្ច។

-ការធ្វើជំនួញ៖ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹង និង ភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។

បញ្ហាស្នេហា៖ រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ក្នុងថ្ងៃនេះ ទោះនៅផ្ទះសម្បែង ឬក៏ធ្វើដំណើរទៅណាមកណា ពិសេសការបើកបរចូរប្រយ័ត្នបន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលជាងសព្វមួយដង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខទៀតផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំង និង ស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕

 

ឆ្នាំកុរ

 

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ក្នុងមួយថ្ងៃទៅមួយថ្ងៃ ឬពីមួយសប្តាហ៍ទៅមួយសប្តាហ៍លោកអ្នកត្រូវចេះកែច្នៃពេលវេលាឱ្យមានតម្លៃដោយមិនត្រូវឱ្យពេលវេលាទៅចោលដោយគ្មានប្រយោជន៍ឡើយ នោះជីវិតរបស់លោកអ្នកនឹងគ្មានពាក្យថារុងរឿងជាងនេះឡើយ ។

-កិច្ចការងារ៖ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងផង។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕