​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​និយាយថា ខ្មាន់កាំភ្លើង​បាន​គំរាម​តារាបាល់ទាត់​អា​ហ្សង់​ទីន លី​អូ​នែ​ល ម៉េស​ស៊ី នៅក្នុង​សារ​ជា​លាយលក្ខណ៍អក្សរ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​មីនា នៅពេលដែល​ពួកគេ​បើក​ការបាញ់ប្រហារ​ទៅលើ​ផ្សារ​ទំនើប​មួយ ដែល​គ្រប់គ្រង​ដោយ​សាច់ថ្លៃ​របស់គាត់​នៅ​ប្រទេស​អា​ហ្សង់​ទីន​។​

​គ្មាន​នរណា​ម្នាក់​រងរ​បួស​ក្នុង​ការវាយប្រហា​រទាំង​ព្រឹក​នោះ​ទេ ហើយ​គេ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ហេតុអ្វី​បានជា​ជន​វាយប្រហា​រដាក់​គោលដៅ​លើ​ផ្សារ​ទំនើប Unico ក្នុង​ទីក្រុង​រ៉ូ​សារី​យ៉ូ (Rosario) ជា​ក្រុង​ធំជាងគេ​ទី​បី​របស់​ប្រទេស​នេះ ដែល​គ្រប់គ្រង​ដោយ​ក្រុម​គ្រួសារ​របស់​ភរិយា​គាត់ ឈ្មោះ អាន​តូ​នែ​ល​ឡា រ៉ុក​គូស​ហ្សូ (Antonella Roccuzzo)​។​

​អភិបាល​ក្រុង​លោក ប៉ា​ប្លូ ចាវ​គីន (Pablo Javkin)​បាន​ចុះ​ទៅ​ផ្សារ​ទំនើប​នេះ​ហើយ​បាន​ពន្លះ​អាជ្ញាធរ​សហព័ន្ធ​ជុំវិញ​អ្វី​ដែល​លោក​ហៅ​ថា​បរាជ័យ​របស់​ពួកគេ​ក្នុង​ការទប់ស្កាត់​ការកើនឡើង​អំពើ​​ហិង្សា​ទាក់ទង​នឹង​គ្រឿងញៀន​នៅ​ទីក្រុង​រ៉ូ​សារី​យ៉ូ ដែល​មាន​ចម្ងាយ​ប្រមាណ ៣០០ គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ​នៃ​រដ្ឋធានី​ប៊ុយ​ណូ​ស៊ែរ​។​

​ប៉ូលិស​បាន​និយាយថា បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​បាញ់រះ​ជាង​១០​គ្រាប់​នៅ​ឯ​សាខា​ផ្សារ​ទំនើប Unico ទាំង​ព្រលឹ​មអុរ ដោយ​បន្សល់​ទុក​សារ​មួយ​សរសេ​រលើ​ផ្ទាំង​បដា​ថា “​ម៉េស​ស៊ី ពួក​យើង​កំពុង​រង់ចាំ​ឯង​។ ចាវ​គីន​ក៏​ជា​អ្នកជួញដូរ​គ្រឿងញៀន​ដែរ ដូច្នេះ​គាត់​នឹង​មិន​មើលថែ​ឯង​ទេ​”​។​

​ម៉េស​ស៊ី​មិនបាន​ធ្វើ​អត្ថាធិប្បា​យ​ទេ​។ ត្រូវបាន​ចាត់ទុកជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេលវេលា ម៉េស​ស៊ី​ត្រូវបាន​គោរព​ដូច​ព្រះ​នៅក្នុង​ប្រទេស​អា​ហ្សង់​ទីន​ជា​ពិសេស​ចាប់តាំងពី​គា​ត់​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ឈ្នះ​វើល​ខាប់​លើកដំបូង​ក្នុងរយៈពេល​៣៦​ឆ្នាំ​នៅ​ប្រទេស​កាតា​កាលពី​ខែ​ធ្នូ​៕

ផ្សារ​ទំនើប Unico របស់​សាច់ថ្លៃ​ម៉េស​ស៊ី​ក្នុង​ទីក្រុង​រ៉ូ​សារី​យ៉ូ​ត្រូវបាន​បាញ់ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​