ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិនារី កម្ពុជា បានកំណត់គោលដៅថា ត្រូវតែឈ្នះ ក្នុងវគ្គជម្រុះបឋម នៃព្រឹត្តិការណ៍ AFC U20 Women’s Asian Cup វគ្គជម្រុះជុំទី១ នៃពូល G ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
លោកបាននិយាយថាៈ ក្រុមទាំងមូល លោកបានរៀបចំ រយៈពេល ២ សប្ដាហ៍មកហើយ
ពួកគេ ត្រូវលោកជ្រើសរើស ចេញពីក្លិបចំនួន ៤ គឺ ក្លិបខេត្តសៀមរាប ណាហ្គា វិសាខា និងក្លិបបឹងកេត។ កីឡាការិនីមួយចំនួនថ្មី គឺមិនទាន់ធ្លាប់ចេញទៅប្រកួត ជាលក្ខណៈ អន្តរជាតិ តែមួយចំនួន ធ្លាប់ចេញទៅប្រកួត នៅក្រៅប្រទេសហើយ។ សព្វថ្ងៃ ក្រុមកីឡា ការិនីជម្រើសជាតិ អាយុក្រោម ២០ ឆ្នាំ កំពុងហ្វឹកហាត់ នៅសាលាបាល់ទាត់ជាតិបាទី។
គ្រូបង្វឹករូបនេះ និយាយទៀតថាៈ នេះជាលើកដំបូងហើយ ដែលកម្ពុជាទទួលធ្វើជា ម្ចាស់ផ្ទះ នៃការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ «Qualifiers AFC U-20 Women’s Asian Cup Ubekistan 2024»។
លោកបានអះអាងថាៈ ជម្រុះជុំទី១ កម្ពុជា ត្រូវតែឆ្លងផុត សូមបណ្ដាអ្នកគាំទ្រទាំងអស់ ទៅលើកទឹកចិត្ត ដល់ក្រុមកម្ពុជា។ ក្រុមនារីអាយុក្រោម ២០ ឆ្នាំ របស់កម្ពុជានេះ មិនសម្រាប់លេងតែក្នុងព្រឹត្តិការណ៍ «Qualifiers AFC U-20 Women’s Asian Cup Ubekistan 2024» ប៉ុណ្ណោះទេ តែជាក្រុមសម្រាប់ត្រៀមលេង នាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅថៃ និង លើកទី៣៤ ឆ្នាំ២០២៧ នៅសឹង្ហបូរី ទៀតផង។
សូមបញ្ជាក់ថា វគ្គជម្រុះនេះ កម្ពុជា ស្ថិតនៅពូល G ជាមួយ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ចំពោះ កាលវិភាគប្រកួត គឺថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ កម្ពុជាជួបជាមួយមីយ៉ាន់ម៉ា និងថ្ងៃទី១០ មីនា កម្ពុជា ប្រកួតជាមួយ ម៉ាឡេស៊ី៕/V