ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ការចូលរួមពាក់ព័ន្ធរបស់អាម៉េរិកនិងអង្គការណាតូនៅក្នុងជម្លោះអ៊ុយក្រែន បង្កហានិភ័យនៃការនាំដល់ផលវិបាកមហាអន្តរាយមួយ នោះគឺសង្គ្រាមនុយគ្លេអ៊ែរ នេះបើតាមការព្រមានពីអនុរដ្ឋមន្ត្រីរុស្ស៊ីម្នាក់កាលពីថ្ងៃព្រហស្បតិ៍។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ យ៉ាបកូវ(Sergei Ryabkov)បានប្រាប់សន្និសីទស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវថា «ការគំរាមយុទ្ធសាស្ត្រស្រួចស្រាល់បំផុតនៅពេលឥឡូវបង្កឡើងដោយគោលនយោបាយអាម៉េរិកនិងណាតូ»។
លោកបាននិយាយថា ការចូលរួមពាក់ព័ន្ធរបស់លោកខាងលិចនៅអ៊ុយក្រែនមានបំណងបញ្ឆេះជម្លោះនេះថែម ទាំងក្នុងនិងជុំវិញអ៊ុយក្រែន។ការចូលរួមកាន់តែខ្លាំងឡើងរបស់ពួកគេនៅក្នុងការប្រឈមមុខប្រដាប់អាវុធមួយនឹងនាំដល់ការប៉ះទង្គិចដោយយោធាផ្ទាល់រវាងមហាអំណាចនុយគ្លេអ៊ែរ ជាមួយនឹង«ផលវិបាកមហាវិនាសអន្តរាយ»។
យ៉ាបកូវ បាននិយាយនៅចំពោះមុខអង្គប្រជុំដែលមានអ្នកការទូតលោកខាងលិចជាច្រើនចូលរួម ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ យ៉ាបកូវ ចូលរួមសន្និសីទស្តីពីការរំសាយអាវុធនៅអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីថ្ងៃ២មីនា
សន្និសីទស្តីពីការរំសាយអាវុធ ជាវេទិការំសាយអាវុធពហុភាគីឈានមុខគេនៅក្នុងលោក។វាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ដើម្បីព្យាយាមរារាំងការប្រឡងប្រណាំងសព្វាវុធក្នុងអំឡុងសង្គ្រាមត្រជាក់។វាមិនមែនជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទេ តែជួបប្រជុំនៅស្នាក់ការអង្គការសហប្រជាជាតិក្នុងក្រុងហ្សឺណែនបីដងក្នុងមួយឆ្នាំដើម្បីជជែកពិភាក្សាអំពីការគ្រប់គ្រងនិងរំសាយអាវុធដោយផ្តោតលើការរារាំងការប្រឡងប្រណាំងសព្វាវុធនុយគ្លេអ៊ែរ។
តែសេចក្តីថ្លែងការណ៍ក្នុងកិច្ចប្រជុំនាពេលនេះកាន់តែមានលក្ខណៈត្រៀមប្រយុទ្ធខ្លាំងឡើងចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសចូលអ៊ុយក្រែនកាលពីមួយឆ្នាំមុន។
នៅពេលបើកកិច្ចប្រជុំកាលពីថ្ងៃចន្ទ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិកទទួលបន្ទុកគ្រប់គ្រងអាវុធនិងសន្តិសុខអន្តរជាតិលោកស្រី បុននី ជេនគីនស៍(Bonnie Jenkins)បានរិះគន់ការសំរេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកការចូលរួមរបស់ខ្លួនក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយគ្លេអ៊ែរជាមួយអាម៉េរិក។
លោកស្រីបាននិយាយថា«ជាថ្មីទៀត រុស្ស៊ីបញ្ចាក់ប្រាប់ពិភពលោកថា ខ្លួនជាមហាអំណាចនុយគ្លេអ៊ែរមិនទទួលខុសត្រូវមួយ»។លោកស្រីបានព្រមានថា«យើងប្រឈមបរិយាកាសអសន្តិសុខយ៉ាងគំហ៊ុកមួយដែលទាញយើងចេញពីចំណាត់ការរួមគ្នា»។
តែលោកយ៉ាបកូវ បានតបវិញថា រុស្ស៊ីមិនមានជំរើសណាក្រៅតែពីផ្អាកការចូលរួមក្នុងសន្ធិសញ្ញានេះ ដោយសារ«សង្គ្រាមកូនកាត់មួយប្រឆាំងយើង។តែយើងនៅបន្តអនុវត្តតាមព្រំដែនកំណត់ស្តីពីបរិមាណស្តីពីសព្វាវុធវាយប្រហារយុទ្ធសាស្ត្រ(ចំនួនក្បាលគ្រាប់នុយគ្លេអ៊ែរ)៕
រុស្ស៊ីបាញើសាកល្បងកាំជ្រួចផ្លោង Yarsនិងកាំជ្រួចSarmat ដែលសុទ្ធតែមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយគ្លេអ៊ែរ