ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា៖ ក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរីបានស្នើសុំកិច្ចសហការពីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្ម ផ្នែកសំណង់ ដើម្បីទៅបម្រើការងារ នៅទីនោះ។
លោក Greory Lin នាយកប្រតិបត្តិ ក្រុមហ៊ុន KEN-PAL(S) PTE LTD បានបញ្ជាក់ប្រាប់ទៅកាន់លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដើម្បីគាំទ្រក្រុមហ៊ុន ក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការ នៅប្រទេសសិង្ហបុរី នាពេលខាងមុខ។ ជំនួបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការក្រសួងការងារ។
លោក អុិត សំហេង បានគាំទ្រចំពោះការស្នើសុំ របស់ខាងក្រុមហ៊ុនសិង្ហបុរី ដែលថា នេះជាឱកាសមួយបន្ថែមទៀត សម្រាប់ពលករកម្ពុជា ក្នុងការលើកកម្ពស់ជំនាញ ទទួលបានប្រាក់ចំណូល និងនាំយកចំណេះជំនាញ មកជួយដល់សង្គមជាតិវិញ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបន្តថាៈ នៅកម្ពុជា វិស័យសំណង់នេះ រីកដុះដាលខ្លាំង លើការសាងសង់អគារ ហេដ្ឋារចនាសម្ព័ន្ធនានា។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បញ្ជាក់ដែរថាៈ ក្រសួងផ្ទាល់ ក៏មានការផ្តល់នូវ ការបណ្តុះបណ្តាលជំនាញផ្នែក សំណង់នេះ ដល់ប្រជាពលរដ្ឋ យុវជនកម្ពុជា ក្នុងការពង្រឹងសមត្ថភាពបន្ថែម ផងដែរ។ មុននឹងធ្វើការជ្រើសរើស បណ្តុះបណ្តាល និងបញ្ជូន ត្រូវរៀបចំជានីតិវិធី លើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរសិន។
នាឱកាសនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន បានចែករំលែកនូវព័ត៌មានមួយចំនួន របស់ក្រុមហ៊ុន ជូនដល់លោកបណ្ឌិត រដ្ឋមន្ត្រីថាៈក្រុមហ៊ុនសំណង់របស់សិង្ហបុរីមួយនេះ បង្កើតឡើងតាំងពីឆ្នាំ១៩៨៩ ដែលផ្តោតលើឧស្សាហកម្ម សំណង់ក្នុងស្រុក តាមតម្រូវការសំណង់អគារទាំងរដ្ឋ និងឯកជន ហើយទទួលបានពានរង្វាន់ឆ្នើម ផ្នែកសំណង់ សុខភាព សុវត្ថិភាពការងារ និងបរិស្ថាន។
លោកបានបញ្ជាក់ថាៈ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនមកកម្ពុជា គឺដើម្បីជួបជាមួយ សាស្រ្តាចារ្យផ្នែកសំណង់ស៊ីវិល នៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះកុសុមៈ និងវិទ្យាស្ថាន ជាតិពហុបច្ចេកទសកម្ពុជា ដើម្បីស្វែងយល់ពីកម្មវិធីសិក្សា ដែលទាក់ទងនឹងសំណង់ ស៊ីវិល។
ក្នុងពិធីនេះដែរ លោក អុិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលមានប្រវត្តិ យូរមកហើយ និងមានស្តង់ដារខ្ពស់ ខាងផ្នែកសំណង់នេះ។
ពាក់ព័ន្ធកិច្ចសហការលើការងារកម្លាំងពលកម្ម នាពេលកន្លងមក កម្ពុជាបានបញ្ជូនស្រ្តី ជំនួយការផ្ទះ ទៅសិង្ហបុរី ប្រមាណជាង មួយពាន់នាក់ សង្កេតឃើញថា ការជ្រើសរើស និងបញ្ជូនទៅធ្វើការ នៅសិង្ហបុរី មានសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់សមរម្យ៕/V-PC