សម្ពាធ​ទាប​រដូវវស្សា បញ្ចេញ​ឥទ្ធិពល​ច្រើនជាង​មុន​នៅ​តំបន់​ឆ្នេរសមុទ្រ​ខេត្តកោះកុង​

1343
ចែករម្លែក
  • 12
    Shares

ដោ​យ: សុ​ផានី​តា / កោះកុង​: ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ខ្យល់មូសុង​និរតី ផ្តើម​ពង្រីក​វិសាលភាព​របស់ខ្លួន​ច្រើនជាង​ឡើងៗ នៅតាម​តំបន់​ឆ្នេរសមុទ្រ​ខេត្តកោះកុង បើ​ធៀប​នឹង​ពេល​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​ព្យាករណ៍​អាកាសធាតុ​កាលពី​ថ្ងៃទី​១២ ខែកក្កដា កន្លងទៅ​។​

​អាកាសធាតុ​សម្ពាធ​ទាប​រដូវវស្សា​ក្រុង​ខេមរភូមិន្ទ នៅ​ខេត្តកោះកុង ថ្ងៃទី​១៤ កក្កដា នេះ បាន​នឹង​កំពុង​ពង្រីក​វិសាលភាព​ឥទ្ធិពល​ខ្លួន​បន្តិចបន្តួច​ម្តងៗ​ហើយ ដោយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើនជាង​ពេលមុនៗ​អំឡុង​ភ្លៀង​អូសបន្លាយ​បន្ត​គ្នា​ចាប់ពី​២​ទៅ​៣​ម៉ោង​ក៏មានដែរ​បូករួម​នឹង​ខ្យល់​បក់បោក​។​

ទោះយ៉ាងណា ព្យុះភ្លៀង​ខ្យល់មូសុង​និរតី បញ្ចេញ​ឥទ្ធិពល​ច្រើនក្តី គេ​មិនទាន់​ឃើញ​មាន​សញ្ញា​អាក្រក់​ណាមួយ​ធ្វើឱ្យមាន​កើតជា​ទឹកជំនន់ ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​អ្វី​ទេ​។ ពោលគឺ​គ្រាន់តែ​ឃើញ​មាន​រលក​ធំៗ និង​កម្ពស់​ទឹកសមុទ្រ​ហក់​ឡើង​ខ្លាំង​។ ហើយ​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គ្រា​ដែល​ប្រជា​នេសាទ​ខ្នាតតូច​មិន​ចេញ​ទូក​នេសាទ ផលិតផល​គ្រឿង​សមុទ្រ​មានដូចជា ក្តាម បង្គារ ត្រី និង​មឹក​ជាដើម ឡើងថ្លៃ​លក់​នៅលើ​ទីផ្សារ​ខុសពី​ថ្ងៃ​ធម្មតា​។

​អ្នកស្រី ហៀ​ង ចរិយា អា​ជីករ​លក់ដូរ​ក្នុង​ផ្សារ​ដងទង់ បានឱ្យដឹងថា ទោះជា​តម្លៃ​ផលិតផល​សមុទ្រ​ឡើងថ្លៃ​បន្តិច​ក៏ដោយ ក៏​រូបគាត់​កត់សម្គាល់ឃើញ​ថា ជា​រឿង​ធម្មតា​ទៅហើយ ក្តាម បង្គារ មឹក និង​ត្រី​ឡើងថ្លៃ​រដូវវស្សា ចង់ ឬ​មិន​ចង់​មាន​ឈ្នួ​ញ​កណ្តាល​ច្រើន​នាក់​បង្គំ​ចិត្ត​ទិញ​យកទៅលក់​បន្ត​នៅឯ​រាជធានី​ភ្នំពេញ ឯ​ខ្លះទៀត​ទិញ​យកទៅ​បរិភោគ តាម​តម្រូវ​ការចង់បាន​។​

លោក សាញ់ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកោះកុង ប្រាប់​រស្មី​កម្ពុជា​ថា អាកាសធាតុ​ចុះ​សម្ពាធ​ទាប​នៃ​ខ្យល់មូសុង​និរតី​នេះ នឹង​បន្ត​អូសបន្លាយ​ដល់​ថ្ងៃទី​១៨ ខែកក្កដា ខាងមុខ ឬ​កើតមាន​ជា​បន្តបន្ទាប់​ទៀ​តក​ដ៏​ថា​បានដែរ​។ ពីព្រោះ​អាកាសធាតុ​ប្រែប្រួល​ល្អ ឬ​អាក្រក់​ពុំ​អាច​កំណត់​ដឹង​ច្បាស់លាស់​ឡើយ​។​

​ដោយឡែក លោក សុខ សុ​ទ្ធី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កោះកុង​វិញ ក៏បាន​ចាត់​មន្ត្រី​ជំនាញ​ប្រចាំការ​ផងដែរ ដើម្បី​ត្រៀម​បង្ការ​ចុះ​ប្រតិបត្តិ​ជួយសង្គ្រោះ​ប្រជា​នេសាទ​ឱ្យបាន​ទាន់ពេលវេលា ករណី​បើ​មាន​បញ្ហា​លិច​ទូក​ណាមួយ​។ ខណៈ​អាកាសធាតុ​ប្រែប្រួល​លឿន​មិន​ទៀងទាត់​ពេលវេលា​។​

​ទន្ទឹម​នោះ អាជ្ញាធរ​បន្ត​ណែនាំ​ដល់​ប្រជា​នេសាទ​ក្នុង​សហគមន៍ គឺ​ចាំបាច់​ស្តាប់​ព័ត៌មាន​ព្យាករណ៍​ពី​អាកាសធាតុ ឱ្យ​ត្រឹមត្រូវ​មុននឹង​ចេញ​ទូក​នេសាទ ពិសេស​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​គ្រួសារ និង​អាជ្ញាធរ​ឱ្យ​គ្រប់ពេលវេលា​។

​គួរ​ជម្រាប​ថា ជា​រៀងរាល់ឆ្នាំ ខេត្តកោះកុង​តែង​ទទួលរង​ឥទ្ធិពល​កូន​ព្យុះភ្លៀង​ខ្យល់​ពីមួយ​ទៅមួយ នា​រដូវវស្សា មិន​ខុសពី​ខេត្ត​ជាប់មាត់​សមុទ្រ​ដ៏ទៃទៀត​ឡើយ ដោយ​បរិមាណ​ទំហំ​ទឹកភ្លៀង​កើតមាន​ច្រើន​ចាប់ពី​ខែមិថុនា ដល់​ខែតុលា ទើប​អាច​ស្ងាប់​ស្ងៀម​ទៅវិញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម