ដោយៈ បូកគោ / កំពតៈ ក្នុងវគ្គបណ្តុះណ្តាលច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងញៀន ជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណសាលាស្រុកជុំគិរី មន្ត្រីជំនាញ បានបញ្ជាក់ថា ឥទ្ធិពលនៃគ្រឿងញៀន គឺបំផ្លាញអនាគតអ្នកប្រើប្រាស់ ព្រមទាំងបង្កមហន្តរាយ ដល់សហគមន៍ផ្ទាល់។ ប្រសិនបើ មន្ត្រីជំនាញ ក៏ដូចជា គ្រប់ផ្នែក ពាក់ព័ន្ធ មិនបានបញ្ជ្រាបចំណេះដឹង ច្បាស់លាស់អំពី គ្រឿងញៀន ដល់ស្រទាប់យុវវ័យ នោះនឹងកើតមហន្តរាយ ចំពោះប្រទេសជាតិ ជាក់ជា មិនខាន។
នៅចំពោះមុខអ្នកចូលរួមប្រមាណជាង ៤០០ នាក់ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលខាងលើ លោក សុត គឹមសាន អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថាៈ យុវវ័យប្រៀបបាននឹងទំពាំងស្នងឫស្សី។ ប៉ុន្តែ បើយុវវ័យ ធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀននោះក៏ប្រៀបដូចជាទំពាំងស្អុយ ដែលមិនអាចក្លាយជាដើមឫស្សីដ៏រឹងមាំបានដែរ។និយាយរួមគឺយុវជនទាំងនោះ នឹងលែងជាធនធានសំខាន់ សម្រាប់ប្រទេសជាតិតែម្តង។
លោកអនុរដ្ឋលេខាធិការ បានបន្តថាៈ កម្ពុជាបច្ចុប្បន្ន ពោរពេញដោយភាពរីកចម្រើន លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋ មានក្តីសប្បាយរីករាយ។ ប៉ុន្តែបញ្ហាគ្រឿងញៀន បាននិងកំពុងកើតឡើង នៅតំបន់មួយចំនួន ដែលធ្វើឱ្យសហគមន៍ រងភាពអាប់អួរ ជួបក្តីលំបាក ក្នុងការរស់នៅផងដែរ។
លោក សុត គឹមសាន បានបញ្ជាក់ថាៈ ឆ្លើយតបនឹងករណីនេះ ការបញ្ជ្រាបចំណេះដឹង ច្បាប់គ្រឿងញៀន ពីគ្រប់ផ្នែកពាក់ព័ន្ធ ដល់ស្រទាប់យុវវ័យ ជារឿងសំខាន់ ដើម្បីបញ្ចៀសមហន្តរាយ ចំពោះប្រទេសជាតិ។
លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម និងស្តារនីតិសម្បទា បានបញ្ជាក់ថាៈ កម្ពុជាមិនមែនជាអ្នកផលិតគ្រឿងញៀនទេ តែជាប្រទេសដែលរងគ្រោះ ដោយការចរាចរ ឆ្លងកាត់ពីក្រុមមេឈ្មួញខិលខូច។ អ្នកសេពគ្រឿងញៀន នឹងវង្វេងវង្វាន់ ស្មារតី អាប់បញ្ញា រហូតហ៊ានប្រព្រឹត្តអំពើមិនគប្បីផ្សេងៗ។ ដោយឡែក អ្នកសេពគប់ជាមួយគ្រឿងញៀនក៏ត្រូវប្រឈមនឹងទោសទណ្ឌ តាមផ្លូវច្បាប់ទៀតផង។
ថ្លែងបិទវគ្គបណ្តោះបណ្តាល ស្តីពីគ្រឿងញៀននេះ លោក សេន សាប៊ីល អភិបាលរង ខេត្តកំពត បានមានប្រសាសន៍ថាៈ ការភ្លើតភ្លើននឹងគ្រឿងញៀន ជាក្តីសប្បាយ ក្នុងភាពអពមង្គល ដែលសង្គមស្អប់ខ្ពើម។ អ្នកសេពគ្រឿងញៀន នឹងត្រូវសហគមន៍រើសអើង ហើយចាត់ទុកជាមនុស្ស គ្មានតម្លៃក្នុងសង្គម។ ដូច្នេះដើម្បីកិត្តិយសគ្រួសារ យុវវ័យទាំងឡាយ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ឱ្យបានគ្រប់គ្នា៕/V-PC