ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អគារខ្ពស់មួយនៅហុងកុងត្រូវបានអណ្តាតភ្លើងដែលគ្រប់គ្រងលែងបានលេបត្របាក់ ដោយបញ្ចេញកម្ទេចកម្ទីធ្លាក់ចុះមកក្រោមដូចទឹកភ្លៀងស្រោចលើជនស៊ីវិលដែលកំពុងភ័យតក់ស្លុតនៅខាងក្រោម។
ក្រុមមន្ត្រីបាននិយាយថា អគ្គិភ័យនេះបានកើតឡើងនៅម៉ោងប្រហែល ១១៖១០ នាទីយប់ម៉ោងក្នុងស្រុកនៅរាត្រីថ្ងៃព្រហស្បតិ៍ទី២មីនានៅចំកណ្តាលសង្កាត់ស៊ីមសាស៊ុយ (Tsim Sha Tsui)ជាសង្កាត់ផ្សារលក់ដូរនិងទេសចរណ៍ដ៏មមាញឹកនៅមាត់កំពង់នៃទីក្រុង។
អណ្តាតភ្លើងដំបូងឡើយឃើញឆេះនៅជិតរន្ទានៅលើដំបូលអគារដែលកំពុងសាងសង់ ដោយអណ្តាតភ្លើងអាចមើលឃើញយ៉ាងច្បាស់ពីចម្ងាយឆ្ងាយនៅកំពង់ផែ។
ប្រហែលមួយម៉ោងក្រោយមកភ្លើងបានរាលដាលពេញមួយអគាររហូតឆេះដល់ជាន់ក្រោម កន្លែងដែលអ្នកឈរមើលរាប់រយនាក់ប្រមូលផ្តុំគ្នា។
អណ្តាតភ្លើងនៅជាន់ខ្លះប្រែជាកាចសាហាវខ្លាំងឡើង ហើយការផ្ទុះក៏អាចស្តាប់ឮផងដែរ។
មនុស្សពីរនាក់ជាអ្នកបើកបរយានយន្តបានរងរបួសដោយសារកម្ទេចកម្ទីដែលធ្លាក់ចុះ និងត្រូវបាននាំទៅមន្ទីរពេទ្យមហាក្សត្រិយ៍អេលីហ្សាបេតនៅសង្កាត់យូម៉ាតី (Yau Ma Tei) សម្រាប់ការព្យាបាល ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីការស្លាប់នៅឡើយទេ។
អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AFP បាននិយាយថា បំណែកធំៗពីកន្លែងកើតហេតុ អាចមើលឃើញនៅលើដី ហើយមានក្លិនឈ្ងៀមពេញខ្យល់។
ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានបញ្ជូនទៅទីតាំងនោះដើម្បីពន្លត់ភ្លើង ប៉ុន្តែកម្ពស់ខ្ពស់របស់អគារមានន័យថា អណ្តាតភ្លើងបានបន្តឆេះមិនអាចម្ចាស់ការបានរហូតដល់ព្រឹកថ្ងៃសុក្រទី៣មីនានេះ។
ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើយន្តហោះនិងក្រុមពាក់ឧបករណ៍ដកដង្ហើមបានចូលទៅជាន់ក្រោមនៃអគារដើម្បីកាត់បន្ថយកម្លាំងភ្លើង។
សម្ភារៈដែលឆេះនិងផ្កាភ្លើងបានព្រួសពេញដងផ្លូវហុងកុងនិងអគារក្បែរៗនោះរួមទាំងសណ្ឋាគារលំដាប់ផ្កាយ ៥ ដែលមើលទៅស្ថិតក្រោមការគំរាមកំហែងពីអណ្តាតភ្លើង។
ប្លុកលំនៅដ្ឋានក្បែរៗមួយចំនួនត្រូវបានជម្លៀសមនុស្សចេញដើម្បីជាការប្រុងប្រយ័ត្ន ខណៈភ្លើងគ្រប់គ្រងលែងបាន ហើយអគ្គិភ័យតូចៗត្រូវបានរាយការណ៍នៅប្លុកការិយាល័យនៅជាប់គ្នាតែទោះយ៉ាងណាភ្លើងត្រូវបានពន្លត់យ៉ាងរហ័ស នេះបើយោងតាមប៉ូលិស៕
អគារខ្ពស់នៅសង្កាត់ស៊ីមសាស៊ុយត្រូវបានភ្លើងឆេះម៉ដ្តកាលពីយប់ថ្ងៃព្រហស្បតិ៍