ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ កាស៊ីណូមួយកន្លែងទៀត ឈ្មោះ ដាយមិន ស៊ីធី ក្បែរមាត់អូរព្រំដែន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងអគ្គិភ័យឆាប់ឆេះ នៅវេលាម៉ោង ៩ៈ៤០នាទី យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី៣ ខែមីនានេះថាៈ បន្ទាប់ពីបានទទួលព័ត៌មាន ករណីអគ្គិភ័យ បានឆាប់ឆេះ នៅកាស៊ីណូ ដាយមិន ស៊ីធី (Diamond City) ភ្លាមនោះ កម្លាំងសមត្ថកិច្ច បានមកដល់ ។
រួមទាំងអាជ្ញាធរមូលដ្ឋាន បានសហការគ្នា ជាមួយខាងបុគ្គលិកកាស៊ីណូ បានជួយពន្លត់ អគ្គិភ័យ និងបានគ្រប់គ្រងសភាពការណ៍បាន នៅវេលាម៉ោង ១១ យប់ថ្ងៃដដែលនោះ ដោយអគ្គិភ័យ ត្រូវបានរលត់។
លោកបានបន្តថាៈ ការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន ៤ គ្រឿង ទឹក ៤ រថយន្ត ក្នុងនោះរួមមាន ១-រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត , ២-រថយន្ត ពន្លត់អគ្គិភ័យ សាលាក្រុងប៉ោយប៉ែត , ៣ -រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុន កាស៊ីណូ ត្រូពីកាណា ១គ្រឿង និង ៤-រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដាយមិន ស៊ីធី ។
លោក សៅ សារឿន បានបន្តថាៈ អគ្គិភ័យនោះ បង្ករការខូចខាត មាន បន្ទប់ចំនួន១ តុការិយាល័យចំនួន២ ម៉ាស៊ីនត្រជាក់ចំនួន១ ម៉ាស៊ីនបោកខោអាវចំនួន១ ម៉ាស៊ីនចម្រោះ ទឹក១ ប៉ុន្តែមិនមានមនុស្សរងរបួស ឬស្លាប់នោះទេ ។
សមត្ថកិច្ច បានបន្តថាៈ មូលហេតុអគ្គិភ័យនេះ បង្កពីភ្លើងឆេះ ក្នុងបន្ទប់ដាក់សម្ភារៈរបស់ កាសុីណូដែលបិទទ្វារ ។
សូមរំលឹកថា អគារកាស៊ីណូ ហ្គ្រេន ដាយមិន (Grand Diamond City) និងកាស៊ីណូប៉ោយប៉ែត រីសត (Casino Poipet Resort) នៅប្លុកច្រកទ្វារ ព្រំដែនអន្តរជាតិ ប៉ោយប៉ែត ផ្លូវជាតិលេខ៥ នាភូមិប៉ោយប៉ែត និងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ត្រូវអគ្គិភ័យ ដែលបង្កពីទុស្សេខ្សែភ្លើង កាលពីម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ដែលបង្កមហន្តរាយ យ៉ាងធំធេង ។
មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសង្គ្រោះ រុករកកម្ពុជា និងថៃ បានបិទបញ្ចប់ប្រតិបត្តិការ រុករកសព កាលពីល្ងាច ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ដោយរកឃើញអ្នកស្លាប់សរុប ចំនួន ២៦ នាក់ និងអ្នករបួសចំនួន ៥៧ នាក់ ។
ក្នុងនោះ មានជនជាតិថៃ ចំនួន១៧នាក់, នេប៉ាល់ម្នាក់, ម៉ាឡេស៊ីម្នាក់, សង្ស័យចិនម្នាក់ និងសង្ស័យជាតិខ្មែរ ២នាក់ មិនស្គាល់អត្តសញ្ញាណ ៤នាក់ ។
ចំពោះអនុគណៈកម្មការរុះរើ សម្អាតអគារឆេះរបស់ខេត្ត និងក្រុមជាង បាននឹងបន្តអនុវត្ត ដែលនឹងត្រូវចំណាយពេល យ៉ាងតិច ៣ ខែ ។ ឯចរាចរណ៍ដឹកជញ្ជូនទំនិញធុនធ្ងន់ ឆ្លងកាត់ព្រំដែន នៃច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត -ខ្លងលឹក ត្រូវផ្អាក ដោយបង្វែរ បណ្តោះអាសន្ន ទៅច្រកអន្តរជាតិ ស្ទឹងបត់-បានណងអៀន ៕ V / N