ដោយ: ភ្នំសន្ទុក/កំពង់ធំ÷ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៣ នេះលោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយសហការីជាតិ និងអន្តរជាតិ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត មកពីគ្រប់ក្រុម និងអនុក្រុមកសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់នៃស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មរបស់ធនាគារអិវឌ្ឍន៍អាស៊ី ADB ចុះធ្វើការត្រួតពិនិត្យប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្ថិតក្នុងភូមិសាស្រ្តស្រុកសន្ទុក របស់ខេត្តកំពង់ធំ ។
ក្រសួងធនធានទឹកនិងឧតុនិយម និង ADB ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបើកការដ្ឋាននាពេលដ៏ខ្លីខាងមុខ ក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត និងធ្វើការពង្រីកសក្តានុពលស្រោចស្រពប្រព័ន្ធធារាសាស្រ្តមួយនេះ ឲ្យបានច្រើនជាអតិបរិមា ដើម្បីពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មប្រពលវប្បកម្មឲ្យបានច្រើនដងប្រកបដោយនិរន្តរភាព និងធានាបានដល់ការអភិរក្សសត្វដ៏កម្រស្ទើរផុតពូជឲ្យត្រលប់មកវិញ ហើយជួយបង្កើនឲ្យខាងតែបានលើវិស័យអេកូទេសចរដ៏រស់រវើក។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំដ៏សកម្ម និងបញ្ជាផ្ទាល់លើការងារសាងសង់ទំនប់អាងស្ទឹងជីនិតឡើងវិញ ដើម្បីរក្សាទឹកទុកធ្វើការសង្រ្គោះបន្ទាន់ ដល់ការផ្គត់ផ្គង់ទឹកឲ្យដល់គ្រប់វិស័យដែលជាការងារចាំបាច់បំផុតសម្រាប់ខេត្តនេះ ក្នុងពេលដែលខេត្តកំពង់ធំ បានទទួលនូវបរិមាណទឹកភ្លៀងប្រមាណជាង ១៥០ មម បានធ្វើឲ្យទំនប់បង្ហៀរចាស់ៗរបស់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតនេះ បានបាក់កាលពីឆ្នាំ ២០២២ កន្លងទៅ។ P/ N