ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ ស៊ី ជីនភីង នឹងធានាបានអាណត្តិទីបីជាប្រធានាធិបតីចិននៅកិច្ចប្រជុំសភាដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះដោយសារតែមិនមានគូប្រជែងចំពេលប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរលើលោកមួយនេះជួបការប្រឈមកាន់តែកើនឡើងមានចាប់តាំងពីការប្រជែងជាមួយអាម៉េរិក ចំនួនប្រជាពលរដ្ឋវ័យចាស់កាន់តែច្រើនគួបផ្សំនឹងអត្រាកំណើតទាបឡើង និងគម្លាតចំណូលនិងទ្រព្យធនសែនធំផងដែរ។
លោកស៊ីប្រាកដជានឹងត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតីចិនជាថ្មីក្រោយពីលោកទទួលបានការតែងតាំងជាប្រធានគណបក្សកុំម្មុយនីស្តនិងប្រធានគណៈកម្មាធិការយោធារយៈពេលប្រាំឆ្នាំទៀតកាលពីខែតុលា។ចាប់តាំងពីពេលនោះមក បុរសវ័យ៦៩ឆ្នាំស៊ី ជួបប្រឈមមិនដែលនឹងស្មានដល់និងការត្រួតពិនិត្យអំពីភាពជាអ្នកដឹកនាំរបស់លោកក្រោយផ្ទុះការតវ៉ាប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់លោកនៅទីក្រុងជាច្រើននៅទូទាំងប្រទេស ដែលត្រូវបង្ខំលោកអោយបោះបង់វាចោល។
ចាប់ផ្តើមពីថ្ងៃអាទិត្យ កិច្ចប្រជុំសភាត្រូវរំពឹងថានឹងប្រើពេលដប់ថ្ងៃនិងបញ្ចប់ត្រឹមមុខតំណែងរបស់ស៊ីត្រូវបានអនុម័តទទួលយកជាថ្មីក្នុងការបោះឆ្នោតពីប្រតិភូ៣.០០០នាក់នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង។
អាល់ហ្វ្រេដ មូលូអាន វូ(Alfred Muluan Wu)សាស្ត្រាចារ្យនៅសកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា«មតិសាធារណជនទំនងជាមិនសូវល្អណាស់ណាទេសំរាប់លោកស៊ីដោយសារតែគោលនយោបាយសូន្យកូវីដរបស់លោកបានបំផ្លាញជំនឿចិត្តរបស់គេ។តែលោករីករាយនឹងការគាំទ្រក្នុងចំណោមកម្មាភិបាលជាន់ខ្ពស់ក្នុងបក្សដែលធ្វើអោយលោកជាបេក្ខជនគ្មានគូប្រជែង»។
ស៊ី ជីនភីង ប្រាកដជានឹងត្រូវបានសភាជ្រើសតាំងជាប្រធានាធិបតីអាណត្តិប្រាំឆ្នាំទៀត ក្រោយទទួលបានតំណែងប្រធានបក្សនិងយោធាកាលពីខែតុលាឆ្នាំមុន
នៅពេលគណបក្សកំពុងធ្វើដំណើរឆ្លងកាត់ទិដ្ឋភាពស្មុគស្មាញ ខ្លួនក៏នឹងរុះរើរចនាសម្ពន្ធស្ថាប័នបក្សនិងរដ្ឋនៅក្នុងអំឡុងប្រជុំសភា ដែលពួកអ្នកវិភាគទាយថានឹងផ្តល់អោយបក្សគ្រប់គ្រងកាន់តែធំលើការងាររដ្ឋ។កាលពីថ្ងៃអង្គារ ប្រធានាធិបតីស៊ីបានអោយសញ្ញាថា នឹងធ្វើការកែទំរង់ធំៗនៅក្នុងវិស័យហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យា។ការកសាងសមាសភាពបក្សក៏ត្រូវបង្កើននៅតាមបណ្តាក្រុមហ៊ុនឯកជនផងដែរ។
នាយករដ្ឋមន្ត្រី លី ឈឹឈៀង នឹងចាកចេញពីមុខតំណែងក្រោយលោកសុំលាឈប់កាលពីឆ្នាំមុនហើយលោក លី ឈែង(Li Qiang)មនុស្សជំនិតរបស់លោកស៊ីនិងជាអតីតលេខាបក្សក្រុងសៀងហៃ នឹងឡើងជានាយករដ្ឋមន្ត្រីជំនួស។
លោក ទីង ស៊ីស្យ៉ាង(Ding Xuexiang)អាចក្លាយជាឧបនាយករដ្ឋមន្ត្រីទីមួយ ជាមុខតំណែងដែលពាក់ព័ន្ធច្រើនជាមួយបណ្តាទីភ្នាក់ងារសេដ្ឋកិច្ច។អ្នកធ្វើផែនការរដ្ឋលោកហ៊ី ឡាយហ្វឹង(He Lifeng)ក៏នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីមួយរូបក្នុងចំណោមឧបនាយករដ្ឋមន្ត្រីបីរូប និងក្លាយជាអធិរាជសេដ្ឋកិច្ចថ្មីជំនួសលោក លីវ ហ៊ី( Liu He)។ឧបនាយករដ្ឋមន្ត្រីពីររូបទៀតទំនងជាអតីតលេខាបក្សខេត្តសាអាន់ស៊ី និងអតីតលេខាបក្សខេត្តលីអាវនីង។
ក្នុងផ្នែកនៃការរុះរើនាពេលខាងមុខ លោកចាវ ឡេជិ(Zhao Leji)អតីតមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយទំនងជានឹងជំនួសលោក លី សាន់ស៊ូ(Li Zhanshu)ជាប្រធានសភា៕