ដោយៈប.ខុន/ភ្នំពេញៈ ស្ទឹងស្វាតចេកដែលសព្វថ្ងៃបានក្លាយជាស្ទឹងងាប់បាត់បង់អស់ប្រព័ន្ធអេកូដោយសារវាគោករាក់កន្លែងខ្លះមានសភាពស្មើនឹងដីស្រែនាំឱ្យកើតមានទឹកជំនន់បែកវាលនៅរដូវវស្សានិងខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងជាច្រើនឆ្នាំមកហើយត្រូវបានទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងធនធានទឹកនិងឧតុនិយម គ្រោងធ្វើការសង្គ្រោះស្ទឹងនេះឱ្យរស់ឡើងវិញតាមរយៈកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជាWAT4CAM។


លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងជានាយកម្មវិធីគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជាWAT4CAM បានឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣ខែមីនាឆ្នាំ២០២៣ថា បញ្ហាស្ទឹងស្វាយចេកដែលបច្ចុប្បន្នជាស្ទឹងងាប់ បាត់បង់អស់ប្រព័ន្ធអេកូ ដោយសារវាគោករាក់កន្លែងខ្លះមានសភាពស្មើនឹងដីស្រែនាំឱ្យកើតមានទឹកជំនន់បែកវាលនៅរដូវវស្សានិងខ្វះទឹកប្រើប្រាស់នៅរដូវប្រាំងជាច្រើនឆ្នាំមកហើយ ត្រូវបានលើកយកមកធ្វើការពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធកាលពីថ្ងៃទី២ខែមីនានៅខេត្តបន្ទាយមានជ័យ។
កិច្ចពិគ្រោះយោបល់ខាងលើមានការចូលរួមពីលោកចា ន់ យុត្ថា ក្រោមការគាំទ្រ ហិរញ្ញប្បទាន ពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ជាសហប្រធាន រួមជាមួយលោក គ្លោក ខូយ អភិបាល រង ខេត្ត បន្ទាយមានជ័យ បានដឹកនាំការពិគ្រោះយោបល់ស្តីពី ការ សិក្សាគម្រោង ស្វាយចេក និងការគ្រប់គ្រងស្ទឹងស្វាយចេក ដោយ មានចូលរួមពីតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) , មន្ទីរធនធានទឹក និងឧតុនិយម, តំណាង មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ , តំណាងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ , តំណាងមន្ទីរបរិស្ថាន និងអាជ្ញធរដែនដីមាន (ឃុំ /សង្កាត់ ក្នុងស្រុក ស្វាយចេក) ។
កិច្ចប្រជុំនេះ មានគោលបំណងនៃការពិគ្រោះយោបល់គម្រោងស្វាយចេកត្រូវបានផ្តោតសំខាន់ចំនួនបីចំណុចដូចជា ការស្ដារនិងការគ្រប់គ្រងអាងស្ទឹងស្វាយចេក ដោយគិតគូរពីការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងដំណោះស្រាយផ្អែកលើធម្មជាតិ (NbS) ។ ការកែលម្អទាំង នេះអាចរួមបញ្ចូលទី១ការសាងសង់ ការទទួលទឹកដើម្បីផ្គត់ផ្គង់អាងស្តុកទឹកដែលមានស្រាប់ និងការសាងសង់/ការស្តារឡើងវិញនូវបណ្តាញទឹកក្នុងស្រុកនៅតំបន់ជនបទ និង ទី២ការសាងសង់ការប្រើប្រាស់ទឹកកសិកម្មក្នុងគោលបំណងអភិវឌ្ឍតំបន់ដែលមានប្រព័ន្ធធារាសាស្រ្តពេញលេញនាពេលអនាគត។ការបង្កើតគណៈកម្មាធិការអាងទន្លេ ដែលរួមបញ្ចូលសម្រាប់ការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរឡើង ដែល នាំទៅដល់ការកាត់បន្ថយវិសមភាពក្នុងការប្រើប្រាស់និងរវាងការប្រើប្រាស់ និងដល់ការធ្វើផែនការធ្វើឱ្យប្រសើរឡើងនៃការអភិវឌ្ឍន៍អាងស្ទឹងស្វាយចេកនាពេលអនាគត។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងទៀតថា ស្ទឹងស្វាយចេកទទួលទឹកមកពីតាមតំបន់ព្រំដែនកម្ពុជាថៃតាមរយៈអូរកំបុងដែលតែងតែបង្កឱ្យមានទឹកជំនន់ច្រើនដង ក្នុងមួយឆ្នាំៗដោយសារតែស្ទឹងនេះបានគោករាក់អស់។តាមការសិក្សាក្នុងមួយឆ្នាំស្ទឹងនេះទទួលទឹកជាមធ្យម១២០លានម៉ែត្រគូបហូរធ្លាក់ចូលទៅបឹងទន្លេ សាបអស់បន្ទាប់ពីមានជំនន់។នៅតាមបណ្តោយស្ទឹងនេះមានអាងទឹកតូចៗនិងមធ្យមច្រើនជាមួយនឹងសំណង់កាត់ស្ទឹងដែលបានកសាងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៥០និងឆ្នាំ១៩៦០ដែលសព្វថ្ងៃមិនអាចធានាទឹកប្រើប្រាស់បាននៅក្នុងរដូវប្រាំង។ ស្ទឹងនេះមានប្រវែងប្រមាណជា៧០គីឡូម៉ែត្រ ដែលកន្លងទៅក្រសួងស្តារបានជាង១០គីឡូម៉ែត្រនៅផ្នែកខាងក្រោម នៅសល់៦០គីឡូម៉ែត្រទៀតជាស្ទឹងងាប់ ត្រូវធ្វើការសង្គ្រោះដោយវិធីណានោះ គឺអាស្រ័យលើលទ្ធផលនៃការសិក្សា ដែលគ្រោងធ្វើឱ្យមានប្រព័ន្ធដោះទឹក ប្រព័ន្ធរក្សាទឹកក្នុងស្ទឹងសម្រាប់ប្រើប្រាស់នៅក្នុងរដូវប្រាំងនិងដោះទឹកជំនន់ក្នុងរដូវវស្សា ដែលកម្មវិធី នេះគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)៕ P / N