ភ្នំពេញ ៖នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរ បាលជាតិ និងកងកម្លាំងនគរបាលទូទាំងប្រទេស សូម សម្តែងនូវការគាំទ្រពេញទំហឹងចំពោះសាលក្រមកាត់ក្តី ផ្ទន្តាទោស ជនជាប់ចោទឈ្មោះ កឹម សុខា ជាពិសេសការធានាបាននូវភាព ម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព, ភាពត្រឹមត្រូវ និងភាពយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវីធីជាធរមាននៃព្រះរាជាចក្រកម្ពុជា។

នាយឧត្តមសេនីយ៍បញ្ជាក់ថា អំពើឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស ក្នុងការរៀបចំ និងអនុវត្ត ផែនការសម្ងាត់ ដើម្បផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់របស់កម្ពុជា តាមទម្រង់នៃបដិវត្តពណ៌ គឺជាអំពើ​គ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់ឯករាជ្យជាតិ, សន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា​ទាំងមូល។

គួររំលឹកថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ សាលាដំបូងរាជ​ធានីភ្នំពេញ បានចេញសាលក្រមកាត់ទោសជនជាប់ចោទឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬហៅថា បទឃុបឃិត​ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលជាប្រភេទបទល្មើសក្បត់ជាតិ ដាក់​ពន្ធនាគារចំនួន២៧ឆ្នាំ តាមមាត្រា៤៣៩ និងមាត្រា ៤៤៣ នៃក្រម​ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមទាំងដកជាស្ថាព​រនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើ​សកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីនោះតុលាការបានដាក់ជនជាប់ចោទ ឲ្យស្ថិតក្រោមវិធានការត្រួតពិនិត្យតាមផ្លូវការ មិនត្រូវចាកចេញ​ពីបរិវេណនៃលំនៅឋាន, មិនត្រូវឲ្យជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស លើកលែងតែក្រុមគ្រួសារ។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ដូចនេះការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ តាមរយៈការផ្តន្ទាទោសចំពោះករណីខាងលើនេះ គឺពិតជាបានរួម​ចំណែក​យ៉ាងសំខាន់ក្នុងការធានា ថែរក្សាសុខសន្តិភាព និង ភាព​សុខសាន្តរបស់ប្រជាជនកម្ពុជា ហើយនេះក៏ជាមេរៀនប្រៀនប្រដៅ​ដល់​អ្នកនយោបាយផ្សេងទៀតនៅកម្ពុជា ឱ្យមានឧត្តមគតិ​ស្រឡាញ់​ជាតិ ស្មោះត្រង់នឹងជាតិ និងមិនក្បត់ប្រជាជនរបស់ខ្លួន ដោយមិន​ត្រូវបណ្តែតបណ្តោយខ្លួនឱ្យក្លាយ ជាភ្នាក់ងារបម្រើឱ្យបរទេស ដើម្បីតែផលប្រយោជន៍ ឬមហិច្ឆិតាអំណាចផ្ទាល់ខ្លួន។

នាយឧត្តមសេនីយ៍បញ្ជាក់ថា ក្នុងនាមជាប្រជាជនកម្ពុជា សូម​គាំទ្រដល់កិច្ចដំណើរការនៃការលើក​កម្ពស់សិទ្ធិមនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា ដែលធានាការពារ​ដោយរដ្ឋ​ធម្មនុញ្ញ និងច្បាប់ជាធរមានទាំងឡាយ នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែយើងខ្ញុំ សូមប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលប្រើប្រាស់​រឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីអនុវត្តនូវ​ផែនការ​​សម្ងាត់ណាមួយ ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឬមធ្យោបាយខុសច្បាប់ដទៃទៀត ដែលជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរបំផុត​នាំទៅដល់ការបំផ្លិចបំផ្លាញសន្តិភាពប្រទេស, សន្តិសុខជាតិ, ស្ថិរភាពសង្គម និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។ ជាថ្មីម្តងទៀត ដើម្បីភាពរុងរឿងរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា, យើងខ្ញុំសូមប្តេជ្ញា និងប្រកាសការពារដាច់ខាត នូវសុខសន្តិភាពរបស់ប្រទេស បើទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ៕សរន/R