ដោយៈបូកគោ/កំពត៖អាជ្ញាធរមីនកម្ពុជាត្រៀមប្រកាសខេត្តកំពតជា ខេត្តអស់មីននៅខែមេសា ក្រោមគម្រោង «សម្តេចតេជោ សម្រាប់​សកម្មភាព​មីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលគម្រោងនេះនឹងធ្វើឱ្យខេត្តកំពតជាខេត្តអស់មីនទី ១០ ។

អាជ្ញាធរមីនកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា បានរៀបចំកិច្ចប្រជុំ​ពិភាក្សាការងារ នៅសាលាខេត្តកំពត ដើម្បីត្រៀមរៀបចំពិធីអប​អរសាទរ​ការប្រកាសខេត្តកំពតអស់មីន ដែលគ្រោងនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី៥ ខែមេសា នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន លោក ទេព កល្យាណ និង អភិបាលរងខេត្តកំពត ស៊ីវ ផេង និងមានការចូលរួមពីតំណាងកងកម្លាំង​ប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ និងបណ្តាអង្គភាពពាក់ព័ន្ធនានា។ ដោយឡែកឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី ២ មីនាបានរៀបចំពិធីប្រកាសខេត្តកំពង់ឆ្នាំងជាខេត្តអស់មីនទី ៩ ។ខណៈឯកឧត្តមនៅតែបន្តអំពាវនាវដល់ពលរដ្ឋក្នុងខេត្តនេះមានការប្រុងប្រយ័ត្នដោយសារតែនៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតប្រមាណជាង ៦,៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥០ ចម្ការគ្រាប់មីនទៀត។ សូមជម្រាបថា ខេត្តដែលត្រូវបានអាជ្ញាធរមីនកម្ពុជា ប្រកាសជាខេត្តអស់មីនកន្លងមក រួមមាន ខេត្តស្ទឹងត្រែង, កែប, ព្រៃវែង, ភ្នំពេញ, ព្រះសីហនុ, ត្បូងឃ្មុំ, កំពង់ចាម, ស្វាយរៀង និងខេត្តកំពង់ឆ្នាំង៕សរន/R