ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាម៉េរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី កាលពីថ្ងៃសុក្រទី៣មីនាបានសម្តែងការព្រួយបារម្ភអំពីយោធូបនីយកម្ម(ដំណើរការធ្វើអោយមានការត្រៀមខ្លួនសំរាប់ជម្លោះឬសង្គ្រាម)ដែនសមុទ្រអាស៊ី នៅក្នុងអ្វីដែលចង់និយាយសំដៅទៅរកវត្តមានកាន់តែធំឡើងនៃយោធាចិននៅក្នុងសមុទ្រមានជម្លោះ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងកិន និងរដ្ឋមន្ត្រីការបរទេសមកពីបីប្រទេសទៀត បានជួបប្រជុំគ្នានៅទីក្រុងញូវដេល្លី ក្រោមស្លាកសម្ពន្ធភាពបួនប្រទេសរបស់គេហៅថាក្វាដ(Quad)។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញដោយម្ចាស់ផ្ទះឥណ្ឌា ក្វាដបានអំពាវនាវអោយមាន«ការអោយសារសំខាន់លើការគោរពច្បាប់អន្តរជាតិ»នៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងដើម្បី«ប្រឈមដោះស្រាយចំពោះសណ្តាប់ធ្នាប់ផ្អែកលើច្បាប់សមុទ្រ»។
វាបាននិយាយថា«យើងសូមប្រឆាំងជំទាស់អំពើឯតោភាគីណាមួយដែលស្វះស្វែងផ្លាស់ប្តូរស្ថានភាពជាក់ស្តែង ឬបង្កើនភាពតានតឹងនៅសមុទ្រខាងលើ។យើងសម្តែងការព្រួយបារម្ភចំពោះការធ្វើយោធូបនីយកម្មតំបន់ដែនទឹកមានជម្លោះ ការប្រើនាវាកងឆ្មាំសមុទ្រដ៏គ្រោះថ្នាក់និងកងជីវពលសមុទ្រ ព្រមទាំងកិច្ចខិតខំដើម្បីរារាំងប្រទេសនានាមិនអោយធ្វើអាជីវកម្មប្រភពធនធាននៅឯនាយឆ្នេររបស់គេ»។
សូមបញ្ជាក់ថា ចិនអះអាងកម្មសិទ្ធិលើដែនទឹកធំល្វឹងល្វើយនៅសមុទ្រចិនខាងត្បូងដោយជាន់ជាមួយអ្នកអះអាងកម្មសិទ្ធិជាច្រើននិងក៏មានជម្លោះដែនទឹកនៅសមុទ្រចិនខាងកើតជាមួយជប៉ុនផងដែរ។
ចិនបានចោទប្រកាន់អាម៉េរិកថាដឹកនាំក្រុមក្វាដនេះដើម្បីឡោមព័ទ្ធមហាអំណាចអាស៊ីដែលកំពុងស្ទុះឡើងមួយនេះ។
ក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសជប៉ុនបាននិយាយថា ចិនមិនមានហេតុផលអ្វីខ្លាចក្វាដទេ។លោកថា«នេះមិនមែនជាកិច្ចសហការយោធាទេ តែគ្រាន់តែជាកិច្ចសហប្រតិបត្តការជាក់ស្តែង។យើងមិនព្យាយាមផាត់នរណាម្នាក់ចេញទេ នេះជាកិច្ចពិភាក្សាចំហ»។
«ដរាបណាចិនគោរពច្បាប់និងបទដ្ឋានអន្តរជាតិ និងក៏ប្រព្រឹត្តក្រោមស្ថាប័ន ស្តង់ដានិងច្បាប់អន្តរជាតិ នោះវានឹងមានបញ្ហាប៉ះគ្នារវាងចិននិងក្វាដទេ»។
រដ្ឋមន្ត្រីទាំងបួនក៏បាននិយាយថា ពួកគេបានពិភាក្សាកិច្ចខិតខំរួមគ្នា រួមមានការស្ថាបនាភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់និងធ្វើការរួមគ្នាលើការដឹកជញ្ជូននិងប្រគល់វ៉ាក់សាំង៕
រដ្ឋមន្ត្រីការបរទេសអាម៉េរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលី ជួបគ្នានៅក្រុងញូវដេល្លី កាលពីថ្ងៃសុក្រ