ដោយ សៅវ៉ាន់ឌី/ព្រះវិហារ៖ បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣ ខែមិនា នេះបានអញ្ជើញចូលរួមសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជ មហាពោធិ បញ្ចសហស្សារាម ហៅវត្តពោធិ៍ ៥.០០០ ដើម និង បញ្ចុះបឋម សិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិ ភាគឦសាន នៃកម្ពុជា ។
បណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានលើកឡើងពីសមិទ្ធផលលេចធ្លោ ជាច្រើនរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុង ការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹង នៅតែបន្ត ខិតខំប្រឹងប្រែងរែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន រុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់ទាំង អស់។
លោក ក៏បានលើកឡើងផងដែរថា គ្រប់សាសនាទាំងអស់បានអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់ នូវការ ប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ ការធានានូវភាព សុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ ជាមួយនឹងជំនឿយ៉ាងមុតមាំនេះ សម្តេចតេជោ តែងបានប្រកាន់ ខ្ជាប់ នូវការខិតខំកសាង អំពើ បុណ្យជាមួយប្រជាពលរដ្ឋខ្មែរដោយក្តី អាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជា មូលដ្ឋាន ចម្បងក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈាន មកដល់ការបញ្ចប់ សង្រ្គាមស៊ីវិលទាំងស្រុងនៅលើទឹកដីអង្គរដ៏ បវរនៃយើង៕សរន / N