ដោយៈមុនីរ័ត្ន/ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់កាលបរិច្ឆេទក្នុងការដាក់ពាក្យសុំចុះ បញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះ មានរយៈពេល ១៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់​របស់លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីរបៀបប្រើប្រាស់កម្មវិធីរៀបចំ បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន​ឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់តំណាងអគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ តំណាងក្រសួងមហាផ្ទៃ តំណាងគណបក្សនយោបាយ និងមន្រ្តី បុគ្គលិក គ.ជ.ប នៅទីស្ដីការ គ.ជ.ប នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

អគ្គលេខាធិការរង គ.ជ.ប បានញ្ជាក់ថា ការរៀបចំបញ្ជីគណបក្សន​យោ​បាយ​ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មាន ២ របៀបគឺ៖ ១- គណបក្សនយោបាយអាចរៀបចំបញ្ជីគណបក្សនយោបាយឈរ​ឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរ ឈ្មោះ ដោយដៃ។ ២- គណបក្សនយោបាយអាចស្នើសុំបង្កើតគណនីប្រើប្រាស់​កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមកម្មវិធី (ប្រព័ន្ធកុំព្យូទ័រ)។ ប្រភពដដែលបានបានគូសបញ្ជាក់ថា ការទទួលពាក្យសុំបង្កើត​គណនីប្រើប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺចាប់ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

លោក ម៉ុក ដារ៉ា បានមានប្រសាសន៍ថា គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់នឹងបន្តសហការល្អក្នុងដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ។ សូមជម្រាបថា កន្លងមកនេះ ក្នុងការចុះបញ្ជីបេក្ខជននៃគណបក្ស​នយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គ.ជ.ប បានដាក់ឱ្យប្រើប្រាស់កម្មវិធី​រៀបចំបញ្ជីបេក្ខជននៃគណបក្សនយោបាយម្ដងរួចហើយ ហើយ​កិច្ចការនេះទទួលបានលទ្ធផលជោគជ័យ គឺកាត់បន្ថយបាននូវ​បញ្ហាប្រឈមនានា។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប បានសម្រេចដាក់ឱ្យប្រើ​ប្រាស់កម្មវិធីរៀបចំបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បីចៀសវាងនូវបញ្ហាប្រឈមមួយចំនួន ដូចជា៖ បេក្ខជនខុសឈ្មោះ និងទិន្នន័យ បេក្ខជនមិនគ្រប់អាយុសម្រាប់ការ​ឈរឈ្មោះបោះឆ្នោត បេក្ខជនឈរឈ្មោះច្រើនជាងមួយគណបក្ស​នយោបាយ បេក្ខជនឈរឈ្មោះច្រើនមណ្ឌល៕សរន/r