ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ក្រោយពីមានការកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស កែងផ្លូវសម្ដេចតេជោ ហ៊ុន សែន ៦០ ម៉ែត្រ កាលពីថ្ងៃទី១ មីនា កន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរាចរណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចការដ្ឋាននេះ ឱ្យបានល្អប្រសើរជាងមុន។

កិច្ចប្រជុំនេះ បានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំ ខាងលើនេះឡើង គឺដើម្បីឱ្យមន្ត្រីជំនាញ ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរារណ៍ រួមគំនិតគ្នា រកគ្រប់មធ្យោបាយដោះស្រាយ ដោយសារកន្លងមកនេះ មានការកកស្ទះចរាចរណ៍ខ្លាំង ពិសេសកាលពីថ្ងៃទី១ មីនា កន្លងមកនះ នៅតំបន់ការដ្ឋាននេះ បានកកស្ទះចរាចរណ៍ រហូតដល់ទៅ ៥ទៅ៦ម៉ោងឯណោះ។

លោក កើត ឆែ បានជំរុញឱ្យធ្វើការកែសម្រួល ដោយបង្រួមរបងការដ្ឋាន ឱ្យតូចជាងមុន កែសម្រួលផ្លូវមួយចំនួន ជាមួយនឹងការដោះស្រាយជាមួយអ្នកលក់ដូរ លើចិញ្ចឹមផ្លូវ នៅតំបន់នេះ ឱ្យបានល្អប្រសើរ សំដៅឱ្យមានលំហូរចរាចរណ៍បានល្អ។ បន្ថែមពីនេះ លោក កើត ឆែ ក៏បានជំរុញឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ រៀបចំជាផែនការ ឱ្យបានជាក់លាក់មួយ ដើម្បីចេញសេចក្តីជូនដំណឹងមួយ ក្នុងការបង្វែរទិសចរាចរណ៍ ចេញនិងចូលក្រុងភ្នំពេញ ដោយមិនឱ្យឆ្លងកាត់តំបន់ការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្សនេះ។

គួរបញ្ជាក់ថា ស្ពានអាកាសព្រះមុនីវង្ស មាន ទីតាំងប្រសព្វ រវាងមហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១) ជាស្ពានអាកាសដំបូងគេដែលមានរង្វង់មូលលើអាកាស ។ ស្ពានអាកាសថ្មីនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយនឹងមន្ត្រី អាជ្ញាធរដែនដី អញ្ជើញជាអធិបតី ក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹក ម្ចាស់ដី កាលពីរសៀល ថ្ងៃទី៣០ ខែសីហាឆ្នាំ២០២២ និងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានស្ថាបនា។

គម្រោងសាងសង់ស្ពានអាកាសថ្មីនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ សាងសង់ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកា ចំនួន ៣៦.៧៧៥.០០០ ដុល្លារអាមេរិក ប្រើប្រាស់រយៈពេលសាងសង់ ៣៦ ខែ៕/V/r