​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​បាន​ឆ្លើយតប​កាលពី​ថ្ងៃ​សុក្រ​ទី​៣​មីនា​ចំពោះ​ការព្រមាន​របស់​រុស្ស៊ី​ប្រឆាំង​នឹង​ការ​បំពាក់អាវុធ​ដល់​អ៊ុយ​ក្រែន​ដោយ​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ចំនួន ៤០០ លាន​ដុល្លារ​បន្ថែមទៀត ខណៈ​ប្រធានាធិបតី ចូ បៃ​ដិន ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​អធិកា​ប​តី​អាល្លឺម៉ង់ លោក អូ​ឡា​ហ្វ សូ​ល ក្នុង​ការបង្ហាញ​ការរួបរួម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ទន្ទឹមនឹងនោះ ប្រធាន​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល Wagner​របស់​រុស្ស៊ី​បាន​និយាយថា កងកម្លាំង​របស់​ខ្លួន​បាន “​ឡោម​ព័ទ្ធ​” ទីក្រុង​បា​ឃ្មុត (Bakhmut) ភាគ​ខាងកើត​អ៊ុយ​ក្រែន​ដែល​បាន​ឃើញ​ការប្រ​​យុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​បំផុត​នៃ​ការឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ជំនួយ​យោធា​លោកខាងលិច​សម្រាប់​អ៊ុយ​ក្រែន​គឺជា​គន្លឹះ​នៃ​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​ក្នុងការ​ទប់ទល់​នឹង​ការវាយលុក​របស់​យោធា​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ថែម​ទាំង​អាច​ដណ្តើម​បាន​ទឹក​​ដី​ខ្លះ​មក​វិញ​ទៀត​ផង ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​និយាយថា ជំនួយ​បែបនេះ​នឹង​បាន​ត្រឹមតែ “​អូសបន្លាយ​ជម្លោះ​និង​នាំឱ្យ​មាន​ផលវិបាក​ដ៏​ក្រៀមក្រំ​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែន​ប៉ុណ្ណោះ​”​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ប៉េ​ស្កូវ (Dmitry Peskov) បាន​និយាយថា ការជួយ​សព្វាវុធ “​ដាក់បន្ទុក​យ៉ាងសំខាន់​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងនេះ​និង​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខុមាល​​ភាព​របស់​ពលរដ្ឋ​នៃ​ប្រទេស​ទាំងនេះ រួម​ទាំង​អាល្លឺម៉ង់​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិន​អើពើ​នឹង​ការព្រមាន​នោះទេ ដោយ​បាន​ប្រកាស​កញ្ចប់​សន្តិសុខ​ថ្មី​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ ដែល​មាន​គ្រាប់​យុទ្ធភ័ណ្ឌ រួម​ទាំង​សម្រាប់​ប្រព័ន្ធ​រ៉ុក្កែត Himars​ដែល​កង​​កម្លាំង​អ៊ុយ​ក្រែន​បាន​ប្រើ​ដើម្បី​បំផ្លិចបំផ្លាញ​កងទ័ព និង ឃ្លាំង​គ្រាប់​របស់​រុស្ស៊ី​។​

​ក្នុងការ​បង្ហាញ​ភាព​ជា​ដៃគូ​បន្ទាប់ពី​ការទាស់ទែង​គ្នា​អំពី​ការផ្គត់ផ្គង់​រថក្រោះ​ដល់​អ៊ុយ​ក្រែន​លោកបៃ​ដិនបាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោក​សូល​នៅ​សេត​វិមាន​សម្រាប់​ទស្សនកិច្ច​លើក​ដំបូង​មក​កាន់​ទីក្រុង​​វ៉ាស៊ីនតោន​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​លោកបៃ​ដិនបាន​និយាយ​នៅក្នុង​សុន្ទរកថា​ខ្លី​ទៅ​កាន់​អ្នកសារព័ត៌មា​ន​ថា នៅ​ពេល​ពួកគាត់​ទាំង​ពីរ​ជួបគ្នា​លើកចុងក្រោយ “​រុស្ស៊ី​កំពុង​ប្រមូលផ្តុំ​កងទ័ព​របស់​ខ្លួន​” នៅតាម​ព្រំដែន ដោយ​បន្ថែម​ថា លោក​ខាងលិច​បាន​ប្តេជ្ញា​ឆ្លើយតប ហើយ “​យើង​រួម​គ្នា​គោរព​ពាក្យសន្យា​នោះ​”​។​

​ជា​ការឆ្លើយតប លោក​សូល​បាន​និយាយថា វា​ជា​ការសំខាន់​ក្នុងការ​ផ្ញើ​សារ​ទៅកាន់​អ៊ុយ​ក្រែនថា “​យើង​នឹង​បន្ត (​គាំទ្រ​ពួកគេ​) ដរាបណា​ដែលមាន​តម្រូវការ និង​ដរាបណា​ដែល​មាន​ការចាំបាច់​”​។​

​អ​វត្ដ​មាននៃ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​បាន​ចោទ​ជា​សំណួរ​អំពី​ការលំបាក​នានា​ដែល​នៅ​សេសសល់ ប៉ុន្តែ​មេដឹកនាំ​ទាំងពីរ​បាន​ព្យាយាម​លុបបំបាត់​ចំណាប់​អារម្មណ៍​នោះ ហើយ​លោក​សូល​បាន​និយាយថា ទំនាក់ទំនង​ទ្វេភាគី​គឺ “​ស្ថិតក្នុង​ស្ថានភាព​ល្អ​ណាស់​”​។​

​នៅក្នុង​ការបង្ហាញ​ការគាំទ្រ​មួយ​ផ្សេង​ទៀត​សម្រាប់​អ៊ុ​យក្រែន អគ្គ​រដ្ឋអាជ្ញា​អាម៉េរិក​លោក មឺ​រីក ហ្គាលែ​ន (Merrick Garland) បាន​ធ្វើ​ទស្សនកិច្ច​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចូលរួម​សន្និសីទ​ស្តីពី​យុត្តិធម៌​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​និយាយថា “​អគ្គ​រដ្ឋ​អាជ្ញា​បាន​បើក​កិច្ចប្រជុំ​ជាច្រើន​និង​បញ្ជាក់​ឡើងវិញ​នូវ​ការប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការចាប់​រុស្ស៊ី​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ការឈ្លានពាន​ដោយ​អយុត្តិធម៌​និង​គ្មាន​ការ​ញុះញង់​ប្រឆាំងនឹង​អ្នកជិតខាង​ដែល​មាន​អធិបតេយ្យភាព​របស់​ខ្លួន​”៕

​លោកបៃ​ដិន​ទទួល​លោក​សូល​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​សុក្រ ដោយ​មិន​អើពើ​នឹង​ការព្រមាន​របស់​រុស្ស៊ី​អំពី​ការផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុ​យក្រែន