ដោយ៖ ដេប៉ូ / ភ្នំពេញ៖ បន្ទាប់ពីយុទ្ធនាការអន្ទាក់សូន្យ លើកទី១ សម្រេចបានជោគជ័យ កន្លងទៅ យុទ្ធនាការ ”អន្ទាក់សូន្យ” ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ ក្នុងខេត្តចំនួន៥ តាមជួរភ្នំក្រវាញ។
ពិធីនេះ បានបា្ររព្ធឡើងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Zoom)។
គួរបញ្ជាក់ថា យុទ្ធនាការ ”អន្ទាក់សូន្យ” ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤គឺ ទី១)ការពង្រឹងការគាំទ្រ ប្រមូលនូវធនធាន ដើម្បីគាំទ្រពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ, ទី២)ទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់, ទី៣)ការពង្រឹងទៅលើការអនុវត្តច្បាប់ និងពង្រឹងទៅលើការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋាន ក្នុងគោលដៅកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ និងទី៤)ការផ្លាស់ប្តូរឥរិយាបទពលរដ្ឋ ឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃបន្តទៀត។
យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ខែ ដោយចាប់ផ្តើមនៅថ្ងៃទី៣ ខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ហើយត្រូវអនុវត្ត ក្នុងខេត្តចំនួនប្រាំ នៃតំបន់ជួរភ្នំក្រវាញ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តកោះកុង ខេត្តបាត់ដំបង និងសៀមរាប។
ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ លោក នេត្រ ភក្ត្រា បានរម្លឹកឱ្យដឹងថាៈ ថ្ងៃទី៣ ខែមីនានេះ នៅក្នុងក្របខ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា កំពុងតែប្រារព្ធទិវាជាតិវប្បធម៌ ប៉ុន្តែបើក្នុងក្របខ័ណ្ឌនៃវិស័យបរិស្ថាន នៅថ្ងៃទី៣ ខែមីនានេះ ពិភពលោក កំពុងតែប្រារព្ធទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ «ភាពជាដៃគូដើម្បីការអភិរក្សសត្វព្រៃ»។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ បានជួបជុំគ្នាម្តងហើយ ដើម្បីបើកយុទ្ធនាការ នៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់ ៦ខេត្ត នៅភាគខាងកើតទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ដដែលនេះ ក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធ បានជួបជុំគ្នាម្តងទៀត ដើម្បីប្រកាសជាផ្លូវការនូវយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ និងតម្រង់ឆ្ពោះទៅកាន់ ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប នៅក្នុងបុព្វហេតុ ដើម្បីបរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទនៅកម្ពុជា។
លោករដ្ឋលេខាធិការ បានឱ្យដឹងបន្ថែមថាៈ សម្រាប់យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២នេះ ក្រសួងបរិស្ថាន រួមនឹងក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូ រៀបចំនៅក្នុងតំបន់ជួរភ្នំក្រវាញខាងលើ ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២៣ ដោយរំពឹងថា នឹងមានការចូលរួម និងពង្រឹង ព្រមទាំងពង្រីកនូវការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃព្រៃ នៅក្នុងប្រព័ន្ធអេកូឡូស៊ី ការចូលរួមនូវការផ្សព្វផ្សាយកាន់តែទូលំទូលាយថែមទៀត ពីផលប៉ះពាល់នៃអន្ទាក់ចំពោះសត្វព្រៃ និងបង្កើនសកម្មភាពប្រកបដោយប្រសិទ្ធភាពផ្សេងទៀត ដើម្បីចូលរួមលុបបំបាត់វិបត្តិអន្ទាក់។
លោកបានបន្តទៀតថាៈ តាមរយៈយុទ្ធនាការនេះ នឹងរំពឹងថា បរិមាណអន្ទាក់ នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋាន កាន់តែច្រើនឡើង នឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូប ធ្វើពីសាច់សត្វព្រៃ និងសាធារណជន កាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។
តាមរយៈយុទ្ធនាការនេះ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាន នូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានា ចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាៈ ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ បច្ចុប្បន្ននេះ កម្ពុជាបានស្ថិតនៅក្នុងបរិបទថ្មី គឺរក្សាឈើឈរ ដើម្បីទទួលបានចំណូល តាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ ហើយធនធានដែលទទួលបាន ត្រូវបានពង្រឹងនិងពង្រីកការងារអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍។ យុទ្ធនាការអន្ទាក់សូន្យ មិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើគ្មានការចូលរួមពីគ្រប់ភាគីទាំងអស់៕/V/R