ដោយ: សុខុម / ស្ទឹងត្រែង: មកដល់សព្វថ្ងៃនេះ សហគមន៍មួយនៅខេត្តស្ទឹងត្រែង កំពុងចាប់ផ្តើមធ្វើការកែច្នៃ នាំចេញគ្រាប់ស្វាយចន្ទីលក់ទៅកាន់ទីផ្សារ ជាលើកដំបូង។ ការរំពឹងទុកនេះ បានធ្វើឡើង នៅក្នុងពិធីប្រគល់វិញ្ញាបនប័ត្រ និងត្រា ទទួលស្គាល់ជាផ្លូវការរបស់សហគមន៍កសិកម្ម អូរពងមាន់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។

លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែងបានជំរុញលើកទឹកចិត្ត ដល់សហគមន៍កសិកម្មក្រោយពីបានចុះបញ្ជីជាផ្លូវការ។ លោកបន្តជំរុញឲ្យកសិករ ខិតខំផលិតកសិកម្មរបស់ខ្លួនឲ្យមានគុណភាពល្អ ប្រកួតប្រជែងលក់នៅលើទីផ្សារ ដើម្បីឲ្យអតិថិជន ទទួលស្គាល់ពីផលិតផលល្អរបស់ខេត្តយើង។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានឱ្យដឹងថាៈ មន្ទីរកសិកម្មតែងតែយកចិត្តទុកដាក់ ចងក្រងបង្កើតជាសហគមន៍ឡើង គឺដើម្បីឱ្យសហគមន៍ប្រមូលផ្ដុំជាកម្លាំងមួយ។ ប្រមូលផ្ដុំផលិតផល ដែលពួកគាត់មាន ដើម្បីលក់ទៅកាន់ទីផ្សារ។ រាល់ការបង្កើតសហគមន៍នេះឡើង ទទួលបានផលប្រយោជន៍ច្រើន សម្រាប់ខ្លួនឯង នៅក្នុងសហគមន៍ តំបន់ដែលកសិករមានផលិតផល។ការប្រមូលផ្ដុំលក់ផលិតផលបែបសហគមន៍នេះឡើង ឈ្មួញមកពីខាងក្រៅ ក៏មិនអាចទម្លាក់តម្លៃតាមតែអំពើចិត្តនោះបានទេ។ ការចងក្រងជាសហគមន៍ គឺមានភាពងាយស្រួលសម្រាប់កិច្ចសន្យាចរចាគ្នា រវាងអ្នកលក់ និងអ្នកទិញ។

លោក អ៊ុង សំអាត ប្រធានសហគមន៍កសិកម្មអូរពងមាន់ បានរៀបរាប់ឲ្យដឹងថាៈគោលបំណងបង្កើតឱ្យមានការប្រមូលផ្ដុំគ្នា រវាងកសិករនៅក្នុងសហគមន៍ គឺដើម្បីមានការកែច្នៃគ្រាប់ស្វាយចន្ទីរ ទៅជាចំណីអាហារលក់ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀតឱ្យទីផ្សារនៃការលក់ មានលំនឹងអាចទទួលយកបាន។

សូមបញ្ជាក់ថា សហគមន៍កសិកម្មអូរពងមាន់មានទីតាំងស្ថិតនៅភូមិថ្មលាភ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានចូលជាសមាជិកដោយស្ម័គ្រចិត្ត និងកសាងឡើង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ទទួលស្គាល់ចុះបញ្ជីជាផ្លូវការ ដោយមានការចូលរួមពីមន្ទីរកសិកម្មខេត្តអាជ្ញាធរខេត្ត ក្រុង សង្កាត់ ភូមិ បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ចំនួន៨រូប ក្នុងនោះមានក្រុមប្រឹក្សាភិបាលចំនួន៥ រូប ស្រីមួយនាក់។គណៈកម្មការត្រួតពិនិត្យ ចំនួនបីនាក់។សហគមន៍កសិកម្ម បង្កើតដំបូង ដែលមានសមាជិក ១៥ គ្រួសារ ចូលរួម។ ស្ត្រីមាន ៣ គ្រួសារ។ មានដើមទុនជាសាច់ប្រាក់ ៦០ លានរៀល។ មានភាគហ៊ុនសរុបចំនួន ៦.០០០ ភាគហ៊ុន និងមានប្រាក់ជាសមាជិកភាពចំនួន ៧៥ ម៉ឺនរៀល។

មកដល់បច្ចុប្បន្ននេះ សហគមន៍កសិកម្មអូរពងមាន់ បានកើនជាសមាជិកចំនួន ១៧ នាក់ក្នុងនោះ មានស្ត្រីពីរនាក់។ មានឃ្លាំងប្រើប្រាស់បណ្ដោះអាសន្ន ចំនួន២ ទំហំ ៨ ម៉ែត្រ គុណនឹង ២០ ម៉ែត្រ សម្រាប់ស្តុកគ្រាប់ស្វាយចន្ទី។មានទីលានសម្រាប់ហាលគ្រាប់ស្វាយចន្ទីឱ្យស្ងួតល្អ។

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានជំរុញកសិករទៅទស្សនកិច្ចសិក្សាសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

នៅឆ្នាំ២០២២ សហគមន៍កសិកម្មអូរពងមាន់មានប្រភពទុន មានដូចជា ទី១.ប្រាក់សមាជិកភាព មានចំនួន ១៥ នាក់។ តម្លៃ ៥ ម៉ឺនថ្មើរហ្នឹង ចំនួន ៧៥ ម៉ឺនរៀល។ ទី២. តម្លៃប្រាក់ភាគហ៊ុន មានចំនួនមួយម៉ឺនរៀល ចំនួនភាគហ៊ុន ៨០៣០ ហ៊ុន ស្មើនឹង ៨០ លាន ៣សែនរៀល៕/V/r