ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្នុងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន និងអង្គការដៃគូបានប្រកាសបើកពិធីយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ទៅកាន់ភាគនិរតី នៃប្រទេសកម្ពុជា។

ស្របពេលជាមួយគ្នានេះ រាជរដ្ឋាភិបាល និងអង្គការដៃគូ ក្នុងវិស័យបរិស្ថាន អំពាវនាវឲ្យមានការចូលរួមបន្ថែម ពីសាធារណជន ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ខណៈយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ បានចាប់ផ្តើម។

គួរបញ្ជាក់ថា គោលដៅរបស់យុទ្ធនាការដំណាក់កាលទី២ សំដៅបន្តបង្កើនការយល់ដឹងរបស់សាធារណជន អំពីផលវិបាកនៃការដាក់ អន្ទាក់សត្វព្រៃ ការជួញដូរសត្វព្រៃ និងការបរិភោគសាច់សត្វព្រៃ ក្នុងនោះរួមមានហានិភ័យចំពោះសុខភាពសាធារណៈ និងការបាត់បង់ធនធានធម្មជាតិ ផងដែរ។ យុទ្ធនាការ ក៏នឹងបន្តផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ អំពីភាពចាំបាច់ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិដ៏សម្បូរបែប របស់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួងបរិស្ថាន នឹងបន្តដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ដែលរួមមានយុទ្ធនាការតាមខេត្ត ទៅកាន់ខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន ដោយមានអង្គការដៃគូជាច្រើន បានចូលរួម និងសហការ។

ថ្លែងក្នុងសុន្ទរកថា នាពិធីបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសថា៖ «យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី១ ត្រូវបានបញ្ចប់ជាមួយនឹងភាពជោគជ័យ ជាទីមោទនៈ។»

លោក រដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមថាៈ ការលុបបំបាត់ការដាក់អន្ទាក់គ្រប់ប្រភេទពីក្នុងតំបន់ការពារធម្មជាតិ គឺជាគោលដៅមួយដ៏ធំ។ ហេតុនេះហើយ ការចូលរួមពីសាធារណជនពិតជាមានសារៈសំខាន់ណាស់ មិនត្រឹមតែក្នុងការបញ្ឈប់ការដាក់អន្ទាក់នោះទេ ប៉ុន្តែថែមទាំងចូលរួមដោះស្រាយវិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដល់ឫសគល់របស់វា។

លោក ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាជាតិ បានថ្លែងកោតសរសើរថាៈ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានការចូលរួមពីស្ថាប័នអង្គការដៃគូ ក្នុងគោលដៅបញ្ចប់វិបត្តិ និងការពារសុខភាពសាធារណៈ។

លោក គឹម ណុង ប្រធានអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន បានថ្លែងថាៈ «ការស្វែងរកអន្ទាក់មិនមែនជារឿងងាយស្រួលនោះទេ ព្រោះអន្ទាក់ភាគច្រើន នៅសំងំលាក់ខ្លួនក្នុងព្រៃរហូតដល់វាទាក់បានសត្វព្រៃ និងសម្លាប់សត្វរងគ្រោះនោះ។

លោក សេង ទៀក នាយកអង្គការ WWF បានឲ្យដឹងថាៈ «របាយការណ៍ស្តីពីការថយចុះនៃសត្វព្រៃ ក្នុងតំបន់ព្រៃការពារធម្មជាតិ គឺជាសញ្ញាអាសន្ន ក្រើនរំលឹកអំពីអតុល្យភាព នៃប្រព័ន្ធអេកូឡូស៊ី ក្នុងតំបន់នោះ ដែលវាអាចនឹងបង្កផលវិបាល ដល់ជីវភាព និងការរស់នៅរបស់ប្រជាជនផងដែរ។ ទោះយ៉ាងណាក៏ដោយ វានៅមិនទាន់ហួសពេលទេ ក្នុងការធ្វើឲ្យស្ថានភាពទាំងនេះប្រសើរឡើង ដោយចាប់ផ្តើមធ្វើសកម្មភាពរួមគ្នាឥឡូវ ដើម្បីដោះស្រាយវិបត្តិនេះ ដល់ឫសគល់របស់វា ហើយស្តារធម្មជាតិឡើងវិញ។»

លោកបានបញ្ជាក់ប្រាប់ថាៈ ជាលទ្ធផល ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៥.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទូទាំងកម្ពុជា ដែលតួលេខនេះ បង្ហាញពីការថយចុះប្រមាណ ៤៤% បើធៀបនឹងលទ្ធផល ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់សរុប ៦១.៦១១ ។ ទន្ទឹមគ្នានេះដែរ ភោជនីយដ្ឋាន ចំនួន ៥២ កន្លែង ក្នុងខេត្តចំនួន ៦ ក្នុងភាគឦសាននៃប្រទេសកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តមិនលក់សាច់សត្វព្រៃក្នុងអាជីវកម្មរបស់ខ្លួន។

លោកបានបន្ថែមថាៈ ”ទោះជាយ៉ាងណាក៏ដោយ យោងតាមលទ្ធផល នៃការសិក្សារបស់ក្រសួងបរិស្ថាន និងអង្គការដៃគូ ការដកអន្ទាក់ចេញពីក្នុងតំបន់ការពារធម្មជាតិកម្ពុជាបានត្រឹមចំនួន ២០% ប៉ុណ្ណោះ នៃចំនួនអន្ទាក់ប៉ាន់ប្រមាណសរុប នៅក្នុងព្រៃធម្មជាតិទាំងនោះ។

បណ្ឌិត Suwanna Gauntlett ស្ថាបនិក និងនាយិកាប្រតិបត្តិអង្គការ (WA) បានមានប្រសាសថាៈ «អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងដំណាក់កាលទី២ នៃយុទ្ធនាការអន្ទាក់សូន្យ។ ដោយសារតែការរួមគ្នាតែមួយ យើងនឹងអាចចាត់វិធានការ កាន់តែតឹងរឹងលើការដាក់អន្ទាក់។ អន្ទាក់ប្រៀបបាននឹងគ្រាប់មីន ឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំពោះសត្វព្រៃ ដែលត្រូវបានសម្លាប់ដោយមិនរើសមុខ មិនថាជាប្រភេទសត្វ មានវត្តមានបង្គួរ ឬប្រភេទសត្វកម្រ ឬប្រភេទជិតផុតពូជនោះទេ”។

ចំណែកលោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីប្រចាំអង្គការ WEA បានឲ្យដឹងថាៈ «ការបញ្ចប់ការដាក់អន្ទាក់ ដែលជាសកម្មភាពបង្កគ្រោះថ្នាក់ខ្ពស់ និងផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងដល់សត្វព្រៃកម្ពុជា និងទីជម្រកធម្មជាតិរបស់វា ក៏ដូចជាមនុស្សជាតិដែរ។ រួមគ្នា យើងអាចការពារជីវៈចម្រុះដ៏ពិសិដ្ឋរបស់កម្ពុជា និងពង្រឹងការចិញ្ចឹមជីវិតរបស់សហគមន៍ ការពារសុខភាពសាធារណៈ ព្រមទាំងធ្វើឲ្យមានផ្លាស់ប្តូរជាវិជ្ជមាន។»

លោកស្រី Christel Griffioen នាយកមជ្ឈមណ្ឌល ACCB បានឱ្យដឹងថាៈ «ពេលវេលា កំពុងតែរំកិលទៅមុខ។ ក៏ប៉ុន្តែយើងជឿជាក់លើឥទ្ធិពល នៃការដោះស្រាយបង្ហាញរួមគ្នា។ ទន្ទឹមគ្នានេះ យើងក៏ត្រូវការចូលរួមធ្វើសកម្មភាពរួមបន្ថែមទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ និងបន្តផ្សព្វផ្សាយចំណេះដឹង ទាក់ទងទៅនឹងបរិស្ថាន ព្រោះវារួមចំណែកគាំទ្រសំខាន់ ដល់ការលុបបំបាត់នូវវិបត្តិអន្ទាក់។»

លោក គង់ មុន្នីច័ន្ធ នាយកមូលនិធិ MJP ប្រចាំកម្ពុជា បានមានប្រសាសន៍ថាៈ «ជម្រកសត្វព្រៃដែលគ្មានអន្ទាក់ មិនត្រឹមតែមានសារៈសំខាន់ ចំពោះការការពារសត្វព្រៃ ដែលនៅសេសសល់នោះទេ។ ប៉ុន្តែវាក៏មានសារៈសំខាន់ នៅក្នុងការបង្កើតទីជម្រកសុវត្ថិភាពមួយ សម្រាប់ការបន្តពូជរបស់សត្វព្រៃផងដែរ។ ជីវៈរស់ទាំងអស់នៅលើភពផែនដីយើង មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា។ ប្រសិនបើវត្តមានសត្វព្រៃ ត្រូវបានបាត់បង់ វានឹងមានផលប៉ះពាល់យ៉ាងខ្លាំងផងដែរទៅលើប្រព័ន្ធអេកូឡូស៊ី។»

ក្រសួងបរិស្ថាន និងដៃគូ នឹងបន្តធ្វើការរួមគ្នា ដើម្បីបង្កើតជម្រើសជីវភាព ដល់សហគមន៍មូលដ្ឋាន រស់នៅអាស្រ័យផលលើការប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែបប្រពៃណីសម្រាប់សាច់ និងការជួញដូរ តាមរយៈគម្រោងកសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងបង្កើតឲ្យមានការផ្លាស់ប្តូររសនិយម និងឥរិយាបថរបស់ប្រជាជន ចំពោះការបរិភោគសាច់សត្វព្រៃ ដើម្បីការពារសុខភាពសាធារណៈ ពីហានិភ័យនៃការចម្លងជំងឺពីសត្វមកមនុស្ស នៅថ្ងៃអនាគត៕/V/R