ដោយៈ គង់ហេង / កំពង់ចាម៖ នៅពេលឆាប់ៗ ខាងមុខនេះ ប្រជាពលរដ្ឋស្រុកកងមាស នឹងទទួលបានស្ពានបេតុង ចម្ងាយជាង ១០០ ម៉ែត្រ ឆ្លងកាត់ព្រែកកុយ ដែលស្ថាបនា ដោយខាងក្រុមជាង នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាស ដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកផ្កាយបី គង់ អៀង ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកនាយកដ្ឋានវិស្វកម្ម ចុះពិនិត្យដំណើរការសាងសង់ស្ពានព្រែកកុយ កាលព្រឹក ថ្ងៃទី៣ មីនា នេះ បានឱ្យដឹងថាៈ ខាងវិស្វកម្ម បានចុះអនុវត្តឈូសឆាយពង្រាបដី លើទីតាំង នៃក្បាលស្ពានទាំងសងខាង ដែលម្ខាងស្ថិតក្នុងភូមិគងជ័យ និងម្ខាងទៀត ស្ថិតក្នុងភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស រយៈពេលពីរសប្តាហ៍ហើយ។
លោកអភិបាលស្រុកកងមាស បានឱ្យដឹងទៀតថាៈ ស្ពានបេតុងដែលមានប្រវែងបណ្តោយ ១០៨ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ គឺនឹងតភ្ជាប់ប្រព័ន្ធផ្លូវនៅតំបន់នេះ ទៅកាន់ផ្លូវជាតិលេខ ៦ A (អា) ចំណុចស្ពានលេខ២៣ ចម្ងាយប្រមាណ ៥.០០០ ម៉ែត្រ ហើយម្ខាងទៀត តភ្ជាប់ផ្លូវក្រាលកៅស៊ូ ចម្ងាយ ២៧ គីឡូម៉ែត្រ ពីឃុំព្រែកកុយ មកឃុំសូគង ស្រុកកងមាស ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលកំពុងដំណើរការ។
លោកបានបន្តថាៈ ក្រោយពីស្ពាននេះ នឹងស្ថាបនាហើយក្នុងរង្វង់ឆ្នាំ២០២៤ គឺប្រជាពលរដ្ឋ លែងធ្វើដំណើរឆ្លងទូកដ ឬដឹកជញ្ជូនកសិផល ទំនិញតាមផ្លូវវាងតាមស្ពាន មាត់ទន្លេបន្តទៀតហើយ ពោលគឺ នឹងក្លាយជាផ្លូវមានអ្នកដំណើរឆ្លងកាត់យ៉ាងមមាញឹក ជាផ្លូវស្ពានសេដ្ឋកិច្ច៕/V/R