​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី កាលពី​ថ្ងៃ​សុក្រ​ទី​៣​មីនា​បាន​ជួប​ជាមួយ​អគ្គ​រដ្ឋអាជ្ញា​អាម៉េរិក លោក មឺ​រីក ហ្គាលែ​ន (Merrick Garland) និង​ក្រុមមន្ត្រី​ច្បាប់កំពូល​អឺរ៉ុប ហើយ​អំពាវនាវ​ឱ្យ​រុស្ស៊ី​ប្រឈម​មុខ​នឹង​ការកាត់ទោស​ជា​អន្តរជាតិ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ប្រកាស​ពី​ការប្រជុំ​នេះ​នៅ​ទីក្រុង​ល្វីវ (Lviv) ភាគ​ខាងលិច​អ៊ុ​យក្រែន ដែល​មាន​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ​ពី​សមរភូមិ​ជួរ​មុខ​ក្នុងអំឡុង​សុន្ទរកថា​ជា​វីដេអូ​ពេល​ល្ងាច​របស់​​គាត់​ទៅកាន់​ប្រទេស​ជាតិ​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា “​យើង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធានា​ថា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទទួលបាន​ជោគជ័យ​ក្នុង​ការផ្តន្ទាទោស​ឧក្រិដ្ឋ​ជន​សង្គ្រាម​រុស្ស៊ី​”​។​

​លោក​បាន​បន្ថែមថា “​បញ្ហា​ចម្បង​នៃ​កិច្ចប្រជុំ​ទាំងអស់នេះ​និង​សន្និសីទ​នៅ​ទីក្រុង​ល្វីវ​គឺ​ការទទួលខុសត្រូវ​។ ទំនួល​ខុស​ត្រូវរ​បស់​រុស្ស៊ី​និង​ភាពជា​អ្នកដឹកនាំ​គឺជា​រឿង​ផ្ទាល់​ខ្លួន​ចំពោះ​ការឈ្លានពាន​និង​ភេរវកម្ម​ប្រឆាំង​នឹង​រដ្ឋ​និង​ប្រជាជន​របស់​យើង​”​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា ឧក្រិដ្ឋកម្ម​សង្គ្រាម​រុស្ស៊ី​ជាង ៧០.០០០ ករណី​ត្រូវបាន​កត់ត្រា​រហូតមក​ទល់​ពេល​នេះ​។​

​លោក​បាន​បន្ថែមថា “​ប៉ុន្តែ​ជា​អកុសល យើង​មិនដឹង​អំពី​ឧក្រិដ្ឋកម្ម​ទាំងអស់​នៅពេល​ឥឡូវ​នេះ​ទេ​។ មួយ​ផ្នែក​ធំ​នៃ​ទឹកដី​របស់​យើង​នៅ​តែ​ត្រូវ​បាន​កាន់កាប់ ហើយ​យើង​មិន​អាច​ទស្សន៍ទាយ​បាន​ថា​តើ​មាន​ឧក្រិដ្ឋកម្ម​រុស្ស៊ី​ប៉ុន្មាន​ដែល​យើង​នឹង​រក​ឃើញ​នោះទេ បន្ទាប់​ពី​ពួក​កាន់កាប់​ទាំងនោះ​ត្រូវ​បាន​បណ្តេញចេញ​”៕

ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី