ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ អាម៉េរិកបានប្រកាសផ្តល់ជំនួយមួយកញ្ចប់ថ្មីតំលៃ៤០០លានដុល្លារសំរាប់អ៊ុយក្រែន ដែលរួមមានរថពាសដែកដែលអាចផ្គុំបង្កើតជាស្ពានផងដែរ។គ្រឿងបរិក្ខារនេះនឹងអនុញ្ញាតអោយទាហានឆ្លងកាត់ទន្លេ ស្ទឹងឬប្រឡាយទឹកនៅពេលកងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែននៅតែឈរជើងម្ខាងម្នាក់នៃទន្លេញៀពើ(Dnieper)។
សង្គ្រាមហាក់នៅគាំងទ្រឹងក្នុងអំឡុងរដូវរងារ ដោយរុស្ស៊ីនិងអ៊ុយក្រែនបាញ់កាំភ្លើងធំដាក់គ្នាឆ្លងកាត់ទន្លេ។គេរំពឹងថាភាគីទាំងពីរនឹងបើកការវាយប្រហារធំនៅពេលអាកាសធាតុចាប់ផ្តើមក្តៅ។
រថពាសដែកស្ពានជាកំណាត់ស្ពានចល័តបត់បានប្រវែង១៨,២៨ម៉ែត្រ បំពាក់លើតួរថពាសដែក។ការប្រគល់គ្រឿងសម្ភារដូច្នេះដល់អ៊ុយក្រែននឹងកាន់តែធ្វើអោយទាហានអ៊ុយក្រែនងាយស្រួលឆ្លងកាត់ទន្លេឆ្ពោះទៅរកទីតាំងរុស្ស៊ី។
ដោយសារអ៊ុយក្រែនកំពុងខ្វះគ្រាប់រំសេវសំរាប់ការប្រយុទ្ធគ្នាដ៏ខ្លាំង ជំនួយមួយកញ្ចប់ថ្មីនេះ ក៏ដូចជំនួយមុនដែររួមមានគ្រាប់កាំភ្លើងធំ១៥៥មីល្លីម៉ែត្ររាប់ពាន់គ្រាប់និងគ្រាប់រ៉ុក្កែតសំរាប់ប្រព័ន្ធរ៉ុក្កែតហាយម៉ាស(HIMARS)។វាក៏រួមមានគ្រាប់រំសេវសំរាប់ផ្ទុះបំផ្លាញនិងគ្រឿងបរិក្ខារបោសសម្អាតឧបសគ្គដើម្បីជួយកងកម្លាំងអ៊ុយក្រែនទម្លុះខ្សែត្រៀមដែលការពារដោយគ្រាប់មីននិងលេណដ្ឋានរឹងមាំ។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកចូលអ៊ុយក្រែនកាលពីមួយឆ្នាំមុន អាម៉េរិកបានជួយអ៊ុយក្រែនអស់ជាង៣២ពាន់លានដុល្លារ ជាសព្វាវុធនិងគ្រឿងបរិក្ខារយោធា។អាម៉េរិកក៏ចូលរួមជាមួយសម្ពន្ធមិត្តក្នុងការបង្ហាត់ទាហានអ៊ុយក្រែនអោយចេះប្រើសព្វាវុធទំនើបនិងតាក់ទិចក្នុងសមរភូមិ៕