ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តុលាការបេឡារូសកាលពីថ្ងៃសុក្រទី៣មីនាបានកាត់ទោសអ្នកតស៊ូមតិសិទ្ធិមនុស្សកំពូលរបស់បេឡារូស និងជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២២ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ ឆ្នាំ ជាវិធានការចុងក្រោយបំផុតក្នុងការបង្ក្រាបអស់រយៈពេលជាច្រើនឆ្នាំលើការប្រឆាំង ដែលបានហ៊ុមព័ទ្ធអតីតប្រទេសសូវៀតមួយនេះចាប់តាំងពីឆ្នាំ ២០២០។
ការដាក់ទោសដ៏ធ្ងន់ធ្ងរលើលោក អាឡេស ប៊ីយ៉ាលីអាតស្គី (Ales Bialiatski) និងសហការីបីនាក់របស់គាត់ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹងការតវ៉ាដ៏ធំជុំវិញការបោះឆ្នោតឆ្នាំ ២០២០ ដែលបានផ្តល់ឱ្យប្រធានាធិបតីផ្តាច់ការ អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) កាន់តំណែងអាណត្តិថ្មីមួយទៀត។
លោកលូកាសិនកូ ដែលជាសម្ពន្ធមិត្តយូរអង្វែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគ្រប់គ្រងអតីតប្រទេសសូវៀតនេះដោយកណ្តាប់ដៃដែកតាំងពីឆ្នាំ ១៩៩៤។ មនុស្សជាង ៣៥.០០០ នាក់ត្រូវបានចាប់ខ្លួន ហើយរាប់ពាន់នាក់ត្រូវបានវាយដំដោយប៉ូលិសចំពេលមានការតវ៉ាដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេស។
បេឡារូសគឺជាប្រទេសដែលគាំទ្រខ្លាំងជាងគេចំពោះការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលមួយឆ្នាំមកនេះ ខណៈប្រទេសផ្សេងទៀតនៅក្នុងតំបន់មិនគាំទ្ររដ្ឋាភិបាលក្រុងមូស្គូជាសាធារណៈទេ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សបានរាយការណ៍កាលពីថ្ងៃសុក្រថាលោកប៊ីយ៉ាលីអាតស្គីនិងសហការីរបស់គាត់នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សដែលគាត់បានបង្កើតឡើងត្រូវបានកាត់ទោសពីបទធ្វើសកម្មភាពផ្តល់ហិរញ្ញប្បទានដែលបំពានសណ្តាប់ធ្នាប់សាធារណៈនិង បទរត់ពន្ធ។
លោក វ៉ាលីយ៉ានស៊ីន ស្តេហ្វាណូវិច (Valiantsin Stefanovich) ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ៩ឆ្នាំ លោក អ៊ូឡាដហ្ស៊ីមៀ ឡាបកូវិច (Uladzimir Labkovicz) ជាប់គុក៧ឆ្នាំ និងលោក ឌីស្មីទ្រី សាលូយូ (Dzmitry Salauyou) ត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់គុក ៨ ឆ្នាំ៕
លោក អាឡេស ប៊ីយ៉ាលីអាតស្គី ត្រូវបានកាត់ទោសជាប់គុក១០ឆ្នាំកាលពីថ្ងៃសុក្រ