ដោយៈសរិទ្ធ / ភ្នំពេញៈ ផ្ទុះការភ្ញាក់ផ្អើលទាំងយប់ បន្ទាប់ពីបែកធ្លាយចេញពីមជ្ឈមណ្ឌល កែរសម្ផស្សអន្តរជាតិ M25 ថាមានមនុស្សស្រីម្នាក់ ស្លាប់ អំឡុងពេលកំពុងវះកាត់ កែដើមទ្រូង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ៈ១០នាទី យប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សអន្តរជាតិ M25 ដែលមានអាសយដ្ឋាន នៅផ្ទះលេខ73B ផ្លូវលេខ70 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះឈ្មោះ ឃុន ចន្នី អាយុ៤១ឆ្នាំ ទីលំនៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត

បើតាមប្រភពពីអ្នកស្គាល់ស្ត្រីរងគ្រោះ ខាងលើ បានបង្ហើបឲ្យដឹងថាៈ ស្ត្រីខាងលើ បានសុំស្វាមី មកកែច្រមុះ ប៉ុន្តែស្ត្រីរងគ្រោះ បានបន្ថែមការកែដើមទ្រូង ដោយមិនប្រាប់ គ្រួសារឡើយ ហើយក៏មកត្រូវជួបរឿងអកុសល ទាំងនេះតែម្តង។

ជុំវិញករណីនេះ ខាងមជ្ឈមណ្ឌលកែសម្ភស្ស នៅមិនទាន់មានការបញ្ជាក់ណាមួយ ជុំវិញហេតុការណ៍ ដែលបានកើតឡើង នៅក្នុងមជ្ឈមណ្ឌលកែសម្ផស្សរបស់ខ្លួន នៅឡើយទេ ខណៈដែលសមត្ថកិច្ចបានផ្អាកដំណើរការគ្លីនិក បណ្តោះអាសន្នរួចហើយ ដើម្បីសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវ ដើម្បីស្វែងរកការពិតនៃការស្លាប់របស់ស្ត្រី រងគ្រោះខាងលើ។

ជំហានដំបូង សមត្ថកិច្ចដាក់ការសន្និដ្ឋានថា សពស្ត្រីខាងលើ ស្លាប់ដោយសារបញ្ហាគាំង បេះដូង ប៉ុន្តែទោះយ៉ាងណា សមត្ថកិច្ចជំនាញ កំពុងបន្តត្រួតពិនិត្យតាមជំនាញ រកមូលហេតុនៃការស្លាប់ ថាការស្លាប់ មានការពាក់ព័ន្ធគ្នាជាមួយ បច្ចេកទេសកែសម្ផស្សដែរឬយ៉ាងណា។

បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕/V-PC