ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តុលាការកំពូលរបស់ស្រីលង្កាកាលពីថ្ងៃសុក្រទី៣មីនាបានបញ្ជាឱ្យរដ្ឋាភិបាលដំណើរការការបោះឆ្នោតក្នុងស្រុកដែលបានពន្យារពេលដោយទាត់ចោលការសម្រេចរបស់ប្រធានាធិបតី រ៉ានីល វីកក្រេមេស៊ីង (Ranil Wickremesinghe) ដែលនិយាយថាប្រទេសនេះក្រណាស់គ្មានលុយរៀបចំការបោះឆ្នោតទេ។
តុលាការកំពូលបានបញ្ជាឱ្យរតនាគាររបស់ស្រីលង្កាផ្តល់មូលនិធិសម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើនៅថ្ងៃទី ៩ ខែមីនា ប៉ុន្តែបានពន្យារពេលដោយគ្មានកំណត់កាលពីសប្តាហ៍មុននៅពេលរដ្ឋាភិបាលបដិសេធមិនផ្តល់ហិរញ្ញប្បទានដល់ការរៀបចំ។
លោកវីកក្រេមេស៊ីងបាននិយាយថា ប្រទេសកោះ ដែលកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចមិនធ្លាប់មានពីមុនមកមួយនេះ ត្រូវការថវិកាមានកំណត់របស់ខ្លួនសម្រាប់អាទិភាពផ្សេងទៀត ដូចជា ការបើកប្រាក់បៀវត្សរ៍និងប្រាក់សោធននិវត្តន៍។
តុលាការបានចេញដីកាហាមឃាត់មួយដើម្បីកុំឱ្យប្រធានរតនាគារនិងលោកវីកក្រេមេស៊ីងក្នុងសមត្ថភាពគាត់ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ “កុំឱ្យបង្ខាំងទុកមូលនិធិដែលបានបែងចែកនៅក្នុងថវិកាឆ្នាំ ២០២៣ សំរាប់ការរៀបចំការបោះឆ្នោតរដ្ឋាភិបាលមូលដ្ឋាន”។
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ស្រីលង្កាបាននិយាយថា ការសម្រេចចិត្តចុងក្រោយស្តីពីកាលបរិច្ឆេទថ្មីសម្រាប់ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ៕
តុលាការកំពូលស្រីលង្កាបញ្ជាឱ្យរដ្ឋាភិបាលផ្តល់លុយរៀបចំការបោះឆ្នោតមូលដ្ឋាន