ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រទី៣មីនាថា ក្រុមហ៊ុន Appleនឹងផលិតទូរស័ព្ទ iPhone នៅរោងចក្រថ្មីមួយនៅក្នុងប្រទេសឥណ្ឌាខណៈក្រុមហ៊ុនបច្ចេកវិជ្ជាយក្សរបស់សហរដ្ឋអាម៉េរិកនេះព្យាយាមបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងធ្វើពិពិធកម្មឆ្ងាយពីប្រទេសចិន។
ខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ទូរស័ព្ទចល័តដ៏ទំនើបនេះមានមូលដ្ឋានជាចម្បងនៅក្នុងប្រទេសចិន កន្លែងដែលគោលនយោបាយកូវីដដ៏តឹងរ៉ឹងកាលពីឆ្នាំមុននិងភាពតានតឹងខាងការទូតដែលកំពុងបន្តជាមួយសហរដ្ឋអាម៉េរិក បានធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម។
អភិបាលរដ្ឋកាណាតាកា (Karnataka)លោក បាសាវ៉ាចាច អេស បូមម៉ៃ (Basavaraj S Bommai) បានសរសេរលើ Twitterថា “ទូរស័ព្ទ Apple នឹងត្រូវបានផលិតនៅក្នុងរដ្ឋឆាប់ៗនេះ”។
លោកបានបន្ថែមថា “ក្រៅពីការបង្កើតការងារប្រហែល ១០០.០០០ វានឹងបង្កើតឱកាសជាច្រើនទៀតសម្រាប់រដ្ឋកាណាតាកា”។
លោក រ៉ាជីវ ចាន់ដ្រាសេខា (Rajeev Chandrasekhar) រដ្ឋមន្ត្រីក្រសួងព័ត៌មានរដ្ឋរបស់ឥណ្ឌា បាននិយាយថា រោងចក្របង្កើតថ្មីនេះ នឹងត្រូវលាតសន្ធឹងលើផ្ទៃដីជាង ៣០០ អារ (១២១ ហិកតា) នៅក្នុងរដ្ឋនេះ ដែលជាជម្រកនៃមជ្ឈមណ្ឌលបច្ចេកវិជ្ជា បេនហ្គាលូរូ (Bengaluru) របស់ឥណ្ឌា។
ការប្រកាសនេះបានធ្វើឡើងខណៈប្រធានក្រុមហ៊ុន Foxconn លោក យ៉ុង លីវ (Young Liu) បានធ្វើទស្សនកិច្ចទីក្រុងនេះកាលពីថ្ងៃសុក្រ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី កាលពីដើមសប្តាហ៍នេះ។
លោកម៉ូឌីបានសរសេរនៅលើ Twitter កាលពីថ្ងៃពុធថា “ការពិភាក្សារបស់យើងបានគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងគោលបំណងពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិជ្ជានិងនវាកម្ម (ការបង្កើតថ្មី) របស់ឥណ្ឌា”។
លោកលីវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិច ដែលនឹងផ្តល់ការងារដល់មនុស្ស ១០០.០០០ នាក់នៅក្នុងរដ្ឋថេឡានហ្គាណា (Telangana) ភាគខាងត្បូង ដែលនៅជិតខាង៕