ដោយៈសុផល / ភ្នំពេញ៖ កម្ពុជា–ថៃ នឹងពិនិត្យឡើងវិញ នូវការជំរុញឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ឆ្លងកាត់ទៅវិញទៅមក រវាងប្រទេសទាំងពីរ ដើម្បីជំរុញ កំណើនភ្ញៀវទេសចរ ទៅវិញទៅមក។
ការបង្ហើបអំពីផែនការជំរុញវិស័យទេសចរណ៍នេះ បានធ្វើឡើងកាលពីពាក់កណ្តាល សប្តាហ៍នេះ ក្នុងឱកាសដែលលោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណកម្មាធិការរៀបចំកីឡាស៊ីហ្គេមនៅកម្ពុជា អនុញ្ញាតឱ្យលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ចូលជួប និងពិភាក្សាការងារ។
លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ ភាគីទាំងពីរ បានឯកភាពគ្នារៀបចំជំរុញ ភ្ញៀវទេសចរទៅវិញទៅមក និងការជំរុញភ្ញៀវទេសចរ ពីប្រទេសទី៣ ឱ្យបានទៅទស្សនា នៅក្នុងប្រទេសទាំង២ ដែលធ្វើឡើងក្រោមយុទ្ធនាការ «ព្រះរាជាណាចក្រពីរគោលដៅ ទេសចរណ៍តែមួយ» ហើយភាគីទាំង២ ក៏បានសម្រេច និងពិនិត្យឡើងវិញនូវការជំរុញ ឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯង ។
ពាក់ព័ន្ធនឹងការពិនិត្យឡើងវិញគាំទ្រឱ្យមានភ្ញៀវទេសចរ អាចបើកបរដោយខ្លួនឯងនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាៈ លោកនឹងស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសិក្សាធ្វើយ៉ាងណា ជំរុញឱ្យមានទេសចរ អាចបើកបររថយន្តពីប្រទេសថៃ ចូលមកកម្ពុជានិងពីកម្ពុជាទៅថៃ អាចបើកបន្តទៅទស្សនា តាមតំបន់ទេសចរណ៍នានា តាមរយៈយន្តការប្រើបណ្ណព្រំដែន ព្រោះកន្លងមកថៃ ក៏បានអនុវត្តដូចគ្នារួចហើយដែរ ជាមួយនឹងប្រទេសឡាវ និងមីយ៉ាន់ម៉ា។
នៅក្នុងជំនួបនេះ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឯកភាពលើសំណើរបស់កម្ពុជា ក្នុងការងារជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ផងដែរ។
ដោយឡែក ទាក់ទងនឹងវិស័យកីឡាវិញ លោក Cherdkiat ATTHAKOR ក៏បានថ្លែងកោតសរសើរ លើការរៀបចំព្រឹត្តិការកីឡាស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣នេះ និងបានគាំទ្រ និងជូនពរកម្ពុជា ធ្វើយ៉ាងណា ឱ្យការរៀបចំការប្រកួតកីឡា នៅកម្ពុជានេះ ឱ្យទទួលបានជោគជ័យខ្ពស់ ៕/V-PC