ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដោយសារយកហេុតផលខឹងនឹងការនិយាយ ត្រឡប់ត្រឡិន ដែលម្តងថា “ឲ្យដីភូមិមកខ្លួន ម្តងថាដកយកវិញ” កូនប្រសាប្រុស បានគុំកួន និងបានធ្វើឃាតម្តាយក្មេក រួចបំរុងឆ្លងដែនទៅថៃ ក៏ប៉ុន្តែត្រូវសមត្ថកិច្ច ចំរុះ ចុះឃាត់ខ្លួនបានភ្លាមៗ ។

សមត្ថកិច្ចអាវុធហត្ថ បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ថាៈ លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានសហការ ជាមួយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ក្នុងនោះមានការសម្របសម្រួល ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តទាំងពីរ បានឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត រួមជាមួយ​កម្លាំងជំនាញស្នងការដ្ឋានខេត្ត ស្រាវជ្រាវឈានដល់ ការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ​៣០ឆ្នាំ​នៅ​ចំណុចបេនឡាន ច្រកឡែម ស្ថិតនៅ​ភូមិអូរដារ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង ៨ យប់ ថ្ងៃទី២​ ខែ​មីនា ឆ្នាំ​២០២៣​ បន្ទាប់ពីប្រព្រឹត្តកាលពី យប់ ថ្ងៃទី១ ខែមីនា នៅកន្លែងកើតហេតុ មានលំនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចអាវុធហត្ថ បានដកហូត​សម្ភារៈ រួមមាន ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ​២០១៩​ ស្លាកលេខ ព្រៃវែង 1O7180 ក្រវិល​លោហ​ធាតុ​ពណ៌លឿង ចំនួន ១គូ ទម្ងន់​១ជី ។

សមត្ថកិច្ច បានបន្តថាៈ ផ្អែកតាមការពិនិត្យសាកសព ពីក្រុមជំនាញ គ្រូពេទ្យ បានប្រាប់ ឲ្យដឹងថាៈ សព (ម្ដាយក្មេករបស់ជនសង្ស័យ) មានស្នាមរបួស នៅត្រង់ចំណុចកញ្ចឹងក និងឆ្អឹងខ្នងជាច្រើនកន្លែង ដែលកើតឡើងដោយសារការប្រើកម្លាំង​ប៉ះទង្គិចធ្វើឲ្យមាន ស្នាមជាំ ផ្នែកនៅនឹង ក យ៉ាងធ្ងន់ធ្ងរ ទើបបណ្ដាលឲ្យស្លាប់ ។ គ្រូពេទ្យជំនាញ បានសន្និដ្ឋានថា ជាករណីឃាតកម្ម បន្ទាប់ពីធ្វើការពិនិត្យចប់ ប្រគល់ សាកសព ជូនក្រុមគ្រួសា យកទៅធ្វើបុណ្យ តាមប្រពៃណី។

ក្រោយពីជំនាញបានចុះស្រាវជ្រាវ នៅកន្លែងកើតហេតុរួចហើយ សមត្ថកិច្ច​ក៏បានកំណត់មុខសញ្ញាបានថា ជនសង្ស័យ មានឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាកូនប្រសា របស់ជនរងគ្រោះ បន្ទាប់មកសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការជាមួយជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរស័ព្ទរបស់ ជនសង្ស័យ បានឲ្យដឹងថា ជនសង្ស័យ បានគេចចេញពីខេត្តព្រៃវែង មកសម្ងំលាក់ខ្លួន​ស្នាក់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ ឈ្មោះ​ សឿង ហ៊ាង បានសារភាពប្រាប់សមត្ថកិច្ចថា ដោយសារខ្លួនខឹងនឹង ម្តាយក្មេក ឈ្មោះ ញ៉ សារ៉េត ថាឲ្យដីភូមិខ្លួន បែរជាមិនឲ្យវិញ ខ្លួនបានល្បួងម្តាយក្មេក ឲ្យជិះម៉ូតូខ្លួន ចេញពីមណ្ឌលសុខភាព បឹងព្រះ ឆ្ពោះមកផ្ទះ លុះបើកមកដល់ចំណុច វាលស្រែ រាងស្ងាត់ រូបគេ ក៏បានឈប់ម៉ូតូ ហើយចាប់ច្របាច់ ក ម្តាយក្មេក បោកទៅនឹងដី បណ្តាលឱ្យស្លាប់តែម្តង ។ ពេលធ្វើសកម្មភាពរួចហើយ ខ្លួនក៏គេចខ្លួន​មកស្នាក់នៅ​ក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ តមក ជនសង្ស័យ បានជិះម៉ូតូមកចំណុចបេន ឡាន​ច្រកឡែម​ បំរុងឆ្លងដែនចេញទៅប្រទេសថៃ ។ ប៉ុន្តែដោយផលកម្មនៃពៀរ ឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។

សមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមីនា បានប្រគល់ជនសង្ស័យ ទៅឲ្យសមត្ថកិច្ចអាវុធហត្ថខេត្តព្រៃវែង ដែលជាម្ចាស់ករណីវិញ ដើម្បីយកទៅចាត់ការ តាមច្បាប់៕/V/R