ដោយៈ សុផល / ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការនិងដឹកជញ្ជូន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រវាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) អំពីលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព លើ​គម្រោងផ្លូវនាវា ចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិត ដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

មកដល់ពេលនេះ ការសិក្សាសមិទ្ធិលទ្ធភាពនៃ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារ កម្មទន្លេបាសាក់ ស្ទើរតែរួចរាល់ និងគ្រប់ជ្រុងជ្រោយទាំងស្រុង ទៅតាមបទដ្ឋាន បច្ចេកទេស និងអនុសញ្ញាអន្តរជាតិ ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនតាមផ្លូវទឹក។ នៅក្នងការសិក្សានេះ គ្រប់ភាគីពាក់ព័ន្ធ បានធ្វើការជាក់ស្តែងនៅនឹងទីតាំងមូលដ្ឋាន ដោយបានសហការគ្នា ពិនិត្យពិភាក្សាដោយយកចិត្តទុកដាក់ លើការងារបច្ចេកទេស សំខាន់ៗ រួមទាំងបានពិនិត្យ យ៉ាងល្អិតល្អន់ ចំពោះលទ្ធផល​នៃការវិភាគនិងការវាយតម្លៃ ផលប៉ះពាល់នានា លើគ្រប់ប្រភេទហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលអាចរងផលប៉ះពាល់ ដោយសារការអភិវឌ្ឍនៃគម្រោង។ ជាមួយគ្នានេះ លទ្ធផលនៃការសិក្សាផ្នែកជលសាស្រ្ត ក៏ដូចជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបញ្ចប់សព្វគ្រប់ និងលើកយកមកបង្ហាញជូន អង្គប្រជុំ នាឱកាសនេះ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មនេះ មានប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ តភ្ជាប់ពីទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្រ នៃខេត្តកំពត បើតាមលទ្ធផល សិក្សាសមិទ្ធិលទ្ធភាព ទាំងដំណាក់កាលទី១ និងទី២ បានបង្ហាញឱ្យឃើញថា មិនមាន ចោទជាបញ្ហាឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន និងច្បាប់ទម្លាប់។ ទន្ទឹមនឹងនេះដែរ គម្រោងត្រូវបានអ្នកជំនាញ ព្យាករណ៍ថា នឹងផ្តល់ផលចំណេញ សម្រាប់សេដ្ឋកិច្ចជាតិ ជាពិសេសចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និងអត្រាចំណេញត្រឡប់មកវិញ ផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញថាមានកម្រិតខ្ពស់ ជាងគម្រោងអភិវឌ្ឍន៍ការដឹកជញ្ជូនផ្សេងៗ តាមរយៈផ្លូវគោក និងផ្លូវដែក។

ភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋានជំនាញ នឹងរៀបចំចងក្រងរបាយការណ៍ការសមិទ្ធិ លទ្ធភាពនេះ ដោយមានរួមបញ្ចូលនូវផែនការមេ ផែនការសកម្មភាព និងផែនការ អាទិភាព ដើម្បីដាក់ពិភាក្សា ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ទេសរដ្ឋមន្ត្រី មុននឹងរៀបចំដាក់ជូន ទៅទីស្តីការគណៈរដ្ឋមន្ត្រី នាពេលបន្ទាប់។

សូមជម្រាបជូនថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានសិក្សាឡើង ក្នុងគោលបំណង ដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើនឡើង មានប្រសិទ្ធភាពខ្ពស់ ថែមមួយកម្រិតទៀត។ ទន្ទឹមគ្នានេះដែរ គម្រោងនេះ ត្រូវបានរំពឹងទុកថា នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើម នៃការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព ខ្ពស់ជាងមុន។ លើសពីនេះទៅទៀត ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម ទន្លេបាសាក់ នឹងជួយកាត់បន្ថយសម្ពាធជាអតិបរមា នៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងផ្តល់ភាពងាយស្រួល ធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេស ជួយពង្រឹង និងពង្រីក ការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យកាន់តែងាយស្រួល មានភាពរលូន និងមានប្រសិទ្ធភាពជាងមុន ៕/V/R