ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យបានធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២និងលើកទិសដៅបន្តឆ្នាំ ២០២៣និងបើកការិយាល័យនៃទីស្នាក់ការថ្មីស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងភូមិ១សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកឆេង បញ្ញារឹទ្ធិ ប្រធានសាខាសមាគមសហគ្រិនវ័យក្មេងកម្ពុជា ខេត្តបន្ទាយមានជ័យបានលើកឡើងពីលទ្ធផលការងាររបស់សខាក្នុងរយ:ពេលកន្លងមកនិងដោយឡែកក្នុងឆ្នាំ២០២០-២០២២ ដែលជាដំណាក់កាលលំបាកក្នុងអំឡុងវិបត្តិសាកលនៃវិបត្តិសាកលនៃការឆ្លងរាលដាលជម្ងឺកូវីដ១៩ ។
លោក ឡាយ គឹមសួរ អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ថ្នាក់ជាតិបានមានប្រសាសន៍ថា សន្និបាតបូកសរុបរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាស្ថាប័នតំណាងឲ្យអាជីវកររកស៊ីក្នុងខេត្តបន្ទាយមានជ័យ ដែលជាដៃគូយ៉ាងសំខាន់ របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច ។
លោកបន្តថា កន្លងមកសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តបន្ទាយមានជ័យ បានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យសមាគមមានការរីកចម្រើនប្រកបដោយនិរន្តរភាព សមាគមមានរចនាសម្ព័ន្ធតាមគោលការណ៍ថ្នាក់ជាតិផងដែរ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបានមានប្រសាសន៍ថា
សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីនេះឡើងដើម្បីបង្កើនភាពស្និទ្ធស្នាលទំនាក់ទំនងរវាងសមាជិក ជាមួយសមាជិក រវាងសមាជិកសហគមជាមួយស្ថាប័នដៃគូ និងទំនាក់ទំនង រវាងអាជីវករ ជាមួយវិស័យសាធារណៈ ដើម្បីជួយឲ្យអាជីវករមានភាពងាយស្រួលនិងការធ្វើអាជីវកម្មមានភាពរីកចម្រើនផងដែរ។
ក្នុងនោះ លោក លី សុវណ្ណារិទ្ធ បានបន្តថា : ដោយមើលឃើញថាអាជីវករដែលប្រកបអាជីវកម្ម ក្នុងវិស័យឯកជន ត្រូវមានទំនាក់ទំនងចាំបាច់ជាមួយវិស័យសាធារណៈ ដែលជាស្ថាប័នរបស់រដ្ឋ ហើយភាគីទាំងសងខាង ខ្លាំងមិនអាចខ្វះគ្នាបាន ។
ដូច្នេះដើម្បីជួយសម្រួលឲ្យវិស័យទាំងពីរអាចទំនាក់ទំនង គ្នាបានយ៉ាងមានប្រសិទ្ធភាព នោះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាខេត្តបន្ទាយមានជ័យបានចងក្រងប្រមូលផ្ដុំអាជីវករ ចូលរួមជា សមាជិកនិងធ្វើការសម្របសម្រួលទំនាក់ទំនង ជាមួយវិស័យសាធារណៈ ដូចជាក្រសួងស្ថាប័ន មន្ទីរ អង្គភាពដើម្បីប្រកបអាជីវកម្ម ប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណឬ លិខិតអនុញ្ញាតធ្វើអាជីវកម្មផ្សេងៗដោយស្របច្បាប់តាមនីតិវិធី។ P / N