ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វីរៈឆ្កែសង្គ្រោះ ដែលត្រឡប់ពីប្រទេសតួកគី ត្រូវបានដំឡើងទៅអង្គុយក្នុងកៅអីយន្តហោះថ្នាក់ទីមួយជាកិត្តិយសនៃសេវាកម្មរបស់ពួកវា។
ក្រុមហ៊ុនអាកាសចរណ៍តួកគីមិនចង់ឱ្យសត្វឆ្កែទាំងនោះធ្វើដំណើរតាមយន្តហោះដឹកទំនិញនោះទេ បន្ទាប់ពីការប្រឹងប្រែងធ្វើការងាររបស់ពួកវា។
រញ្ជួយដីកម្រិត ៧,៨ រិច្ឆទ័រកាលពីថ្ងៃទី ៦ ខែកុម្ភៈ បានសម្លាប់មនុស្សជាង ៤៥.០០០ នាក់នៅក្នុងប្រទេសតួកគីនិងរាប់ពាន់នាក់ទៀតនៅក្នុងប្រទេសជិតខាងស៊ីរី និងបានបំផ្លិចបំផ្លាញទាំងស្រុងនូវអគារសិបម៉ឺនខ្នង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍តួកគីបានប្រាប់វេបសាយ MailOnline ថា “ខណៈយើងកំពុងជួបប្រទះគ្រាវិសាមញ្ញក្នុងប្រតិបត្តិការជម្លៀសរបស់យើង ដោយសាររញ្ជួយដីកើតឡើងនៅកណ្តាលតំបន់ភាគខាងកើតរបស់យើង និងបានប៉ះពាល់ដល់ប្រទេសនិងប្រជាជាតិទាំងមូល យើងបានដឹកវីរបុរសរបស់យើង ក្រុមជួយសង្គ្រោះ រួមជាមួយសត្វឆ្កែរបស់ពួកគេ ដែលត្រូវបានអនុញ្ញាតឱ្យអង្គុយនៅក្នុងកាប៊ីន (ក្នុងថ្នាក់អាជីវកម្មផងដែរ) សម្រាប់រយៈពេលនេះ”។
“វាជារឿងតិចតួចបំផុតដែលយើងអាចធ្វើបានដើម្បីបង្ហាញពីការដឹងគុណរបស់យើងចំពោះការខិតខំប្រឹងប្រែងដោយស្មោះនិងវីរភាពរបស់សត្វឆ្កែទាំងនេះ”។
សត្វឆ្កែជួយសង្គ្រោះទាំងនោះត្រូវបានបញ្ជូនមកតួកគីពីប្រទេសមួយចំនួន រួមមានសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ក្រូអាស៊ី សាធារណរដ្ឋឆែក អាល្លឺម៉ង់ ក្រិក លីប៊ី ប៉ូឡូញ និងស្វីស។
ក្រុមហ៊ុនអាកាសចរណ៍តួកគីបានប្រាប់វេបសាយ Insider ថា ខ្លួនក៏បានដឹកសត្វឆ្កែពីប្រទេសថៃ កៀហ្ស៊ីស៊ីស្ថាន ហុងគ្រី និងចិនផងដែរ៕
ឆ្កែវីរបុរសត្រូវបានដឹកតាមយន្តហោះថ្នាក់ទីមួយរបស់តួកគីត្រឡប់ទៅស្រុកវិញរៀងៗខ្លួន